មួយ នៅរដូវក្តៅ ខ្ញុំមានគម្រោងនិពន្ធដ៏ធំមួយ ដែលជិតដល់ពេលកំណត់។ វាជាកិច្ចការមួយដែលហាក់ដូចជាមិនអាចធ្វើឲ្យទាន់ពេលវេលា។ ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃ តែម្នាក់ឯង ដោយព្យាយាមនឹករកពាក្យដែលត្រូវសរសេរនៅលើទំព័រសៀវភៅ។ ខ្ញុំមានអារម្មណ៍ថា ខ្សោះអស់កម្លាំង និងបាក់ទឹកចិត្តណាស់ ហើយខ្ញុំចង់បោះបង់ចោលការតស៊ូ។ មិត្តភក្តិដែលមានប្រាជ្ញាម្នាក់បានលើកទឹកចិត្តខ្ញុំឲ្យនឹកចាំ អំពីពេលដែលខ្ញុំមានអារម្មណ៍ស្រស់ថ្លា ហើយគាត់ប្រាប់ខ្ញុំថា ខ្ញុំគួរតែរកពេលសម្រាក និងញាំអាហារឲ្យសប្បាយចិត្ត។
ភ្លាមៗនោះ ខ្ញុំដឹងថា គាត់និយាយត្រូវ។ យោបលរបស់គាត់បានធ្វើឲ្យខ្ញុំគិតដល់លោកអេលីយ៉ា និងសារដ៏គួរឲ្យភ័យខ្លាច ដែលគាត់បានទទួលពីក្សត្រីយេសេបិល(១ពង្សាវតាក្សត្រ ១៩:២) ទោះគម្រោងនិពន្ធសៀវភៅរបស់ខ្ញុំ មិនបានជួបបញ្ហាធ្ងន់ធ្ងរ ដូចលោកហោរារូបនេះក៏ដោយ។ បន្ទាប់ពីលោកអេលីយ៉ាទទួលបានជ័យជម្នះលើពួកហោរាក្លែងក្លាយ នៅភ្នំកើមែល ក្សត្រីយេសេបិលក៏បានផ្ញើព្រះរាជសារទៅគាត់ថា នាងនឹងចាប់ខ្លួនគាត់ ហើយសម្លាប់គាត់ចោល ដូចនេះគាត់ក៏មានការអស់សង្ឃឹម លែងចង់រស់ទៀត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានអរសប្បាយ នឹងការគេងលក់យ៉ាងស្កប់ស្កល់ ហើយទេវតាបានមកជួបគាត់ពីរដង ដើម្បីប្រទានអាហារដល់គាត់។ បន្ទាប់ពីព្រះជាម្ចាស់ បានចម្រើនកម្លាំងកាយគាត់ ជាថ្មីឡើងវិញ គាត់ក៏អាចបន្តដំណើរទៅមុខទៀត។
ពេលណា យើងមាន “ការពិបាកពេក ក្នុងដំណើរជីវិតរបស់យើង”(ខ.៧) យើងប្រហែលជាត្រូវការការសម្រាក និងបរិភោគអាហារ ដ៏មានផាសុខភាព និងអំណរ។ ព្រោះពេលណាយើងមានការខ្សោះអស់កម្លាំង ឬខឹង យើងងាយនឹងធ្លាក់ចូលក្នុងភាពខកចិត្ត ឬការភ័យខ្លាច។ ប៉ុន្តែ ពេលណាព្រះជាម្ចាស់បំពេញតម្រូវការខាងរូបកាយយើង តាមរយៈធនធានរបស់ព្រះអង្គ តាមបំណងព្រះទ័យព្រះអង្គ ក្នុងលោកិយដែលមានបាប នោះយើងអាចបោះជំហានទៅមុខទៀត ចូលទៅក្នុងការបម្រើព្រះអង្គ។—Amy Boucher Pye