មានពេលមួយ ក្មេងជំទង់ដែលជាសិស្សវិទ្យាល័យមួយក្រុម មកពីសហរដ្ឋអាមេរិក បានទៅសួរសុខទុក្ខជនចាស់ជរា នៅក្នុងមន្ទីរចាស់ជរា ក្នុងទីក្រុងបេឡាយ។ ពេលដែលពួកគេកំពុងតែច្រៀងសរសើរព្រះយេស៊ូវ គេសង្កេតឃើញបុរសម្នាក់ កំពុងតែអង្គុយស្តាប់ នៅលើរទេះរុញ ដោយអំណរ។ ក្រោយមក ក្នុងចំណោមក្មេងជំទង់ទាំងនោះ មានអ្នកខ្លះបានព្យាយាមទំនាក់ទំនងជាមួយគាត់ ហើយក៏បានដឹងថា គាត់មិនអាចនិយាយបានទេ ដោយសារគាត់មានជម្ងឺដាច់សរសៃឈាមខួរក្បាល។
ដោយសារពួកគេមិនអាចបន្តការសន្ទនាជាមួយគាត់ ក្មេងជំទង់ទាំងនោះក៏បានសម្រេចចិត្តច្រៀងឲ្យគាត់ស្តាប់។ ពេលដែលពួកគេចាប់ផ្តើមច្រៀង រឿងដ៏អស្ចារ្យមួយបានកើតឡើង។ បុរសដែលមិនអាចនិយាយនោះ ក៏បានចាប់ផ្តើមច្រៀង។ គាត់ក៏បានបន្លឺសម្លេងច្រៀងជាមួយមិត្តភក្តិថ្មីទាំងនោះថា “ទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ”។
វាជាពេលដែលពួកគេមិនអាចបំភ្លេចបានឡើយ។ សេចក្តីស្រឡាញ់ដែលបុរសនេះមានចំពោះព្រះជាម្ចាស់ បានទម្លុះទម្លាយឧបស័គ្គដែលធ្វើឲ្យគាត់និយាយមិនកើត ហើយក៏បានបន្លឺសម្លេងច្រៀង និងថ្វាយបង្គំ អស់ពីចិត្ត និងដោយអំណរ។
យើងរាល់គ្នាសុទ្ធតែមានឧបស័គ្គ នៅក្នុងការថ្វាយបង្គំ ពីមួយពេលទៅមួយពេល។ វាអាចជាការប៉ះទង្គិចគ្នា នៅក្នុងទំនាក់ទំនង ឬជាបញ្ហាលុយកាក់ជាដើម។ ពុំនោះទេ វាអាចជាចិត្តដែលកំពុងតែឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់។
បុរសនៅមន្ទីរចាស់ជរាដែលនិយាយមិនកើតនោះ បានរំឭកយើងថា ភាពអស្ចារ្យរបស់ព្រះដ៏មានគ្រប់ចេស្តា អាចជម្នះឧបស័គ្គទាំងអស់។ យើងអាចបន្លឺសម្លេងច្រៀងថា “ឱព្រះអម្ចាស់ កាលខ្ញុំនឹកស្ងើចខ្លាំងអស្ចារ្យ ពីសកលលោក ដែលទ្រង់សាងដោយព្រះហស្ត!”
តើអ្នកមានការពិបាកក្នុងការច្រៀងសរសើរ និងថ្វាយបង្គំព្រះទេ? សូមជញ្ជឹងគិត អំពីភាពធំប្រសើររបស់ព្រះនៃយើង ដោយអានខគម្ពីរ ដែលមានដូចជា ទំនុកដំកើង ជំពូក៩៦ ជាដើម ហើយអ្នកក៏នឹងបានដឹងថា ឧបស័គ្គដែលអ្នកកំពុងជួប នឹងត្រូវបានជំនួសដោយការសរសើរដំកើង។—Dave Branon