ពេលដែលគ្រូគង្វាលរបស់ខ្ញុំ បានសួរសំណួរដ៏ពិបាកមួយ អំពីព្រះជន្មរបស់ព្រះយេស៊ូវ នៅក្នុងថ្នាក់រៀនរបស់យើង ខ្ញុំក៏បានលើកដៃឡើង។ ខ្ញុំទើបតែបានអានរឿង ដែលនិយាយអំពីព្រះជន្មព្រះអង្គ ដូចនេះ ខ្ញុំដឹងថា ត្រូវឆ្លើយដូចម្តេច។ ហើយខ្ញុំក៏ចង់ឲ្យអ្នកដទៃទៀត ក្នុងថ្នាក់រៀនដឹងថា ខ្ញុំចេះឆ្លើយ។ សរុបមក ខ្ញុំជាគ្រូបង្រៀនព្រះគម្ពីរ។ បើខ្ញុំឆ្លើយខុស នៅចំពោះមុខគេ នោះខ្ញុំនឹងខ្មាស់គេមិនខាន។ ខ្ញុំខ្លាចខ្មាស់គេណាស់។ ដូចនេះ ខ្ញុំក៏បានដាក់ដៃចុះវិញ។ តើខ្ញុំពិតជាខ្វះទំនុកចិត្តដល់ថ្នាក់នេះឬ?
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចំាអំពីលោកយ៉ូហានបាទីស្ទ។ មានពេលមួយ ពួកសិស្សរបស់គាត់បានរអ៊ូថា ពួកបណ្តាជនកំពុងតែចាប់ផ្តើមឈប់ដើរតាមគាត់ ហើយកំពុងតែងាកមកដើរតាមព្រះយេស៊ូវវិញ។ ពេលនោះ លោកយ៉ូហានក៏បាននិយាយថា គាត់មានអំណរណាស់ ដែលបានទទួលដំណឹងនេះ។ គាត់គ្រាន់តែជាអ្នកនាំសាររបស់ព្រះប៉ុណ្ណោះ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ … ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ”(៣:២៨-៣០)។ លោកយ៉ូហានដឹងថា គាត់មានជីវិតរស់ គឺដោយសារព្រះយេស៊ូវ។ ព្រះអង្គជា “ព្រះដែលយាងមកពីស្ថានសួគ៌ ក៏ខ្ពស់លើសជាងទាំងអស់”(ខ.៣១) ជាព្រះរាជបុត្រានៃព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា។ ព្រះអង្គសក្តិសមនឹងទទួលសិរីល្អ និងព្រះកិត្តិនាម។
ការលើកដំកើងខ្លួនឯង ធ្វើឲ្យយើងងាកចេញឆ្ងាយពីព្រះអម្ចាស់។ ហើយដោយសារព្រះអង្គ ជាព្រះសង្រ្គោះ និងក្តីសង្ឃឹមតែមួយ សម្រាប់ពិភពលោក នោះការដណ្តើមមុខមាត់ពីព្រះអង្គ នឹងនាំឲ្យយើងមានការឈឺចាប់មិនខាន។ ចូរយើងជៀសវាងការលើកដំកើងខ្លួនឯង ក្នុងការអ្វីដែលព្រះអង្គបានជួយឲ្យជោគជ័យ។ ចូរយើងធ្វើអ្វីៗ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងជាប្រយោជន៍ដល់ពិភពលោក និងខ្លួនយើង។—Mike Wittmer