ពេល​ដែល​គ្រូ​គង្វាល​របស់​ខ្ញុំ បាន​សួរ​សំណួរ​ដ៏​ពិបាក​មួយ អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ថ្នាក់​រៀន​របស់យើង ខ្ញុំ​ក៏​បាន​លើកដៃ​ឡើង។ ខ្ញុំ​ទើប​តែ​បាន​អាន​រឿង ដែល​និយាយ​អំពី​ព្រះ​ជន្ម​ព្រះ​អង្គ ដូច​នេះ ខ្ញុំ​ដឹង​ថា ត្រូវ​ឆ្លើយដូច​ម្តេច។ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត ក្នុង​ថ្នាក់​រៀន​ដឹង​ថា ខ្ញុំ​ចេះ​ឆ្លើយ។ សរុប​មក ខ្ញុំ​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ។ បើ​ខ្ញុំ​ឆ្លើយ​ខុស នៅ​ចំពោះ​មុខ​គេ នោះ​ខ្ញុំ​នឹង​ខ្មាស់​គេ​មិន​ខាន។ ខ្ញុំ​ខ្លាច​ខ្មាស់​គេ​ណាស់​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ដាក់​ដៃចុះវិញ។ តើ​ខ្ញុំ​ពិត​ជា​ខ្វះ​ទំនុក​ចិត្ត​ដល់​ថ្នាក់​នេះ​ឬ?

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​លោក​យ៉ូហាន​បាទីស្ទ។ មាន​ពេល​មួយ ពួក​សិស្ស​របស់​គាត់​បាន​រអ៊ូ​ថា ពួក​បណ្តាជន​កំពុង​តែ​ចាប់​ផ្តើម​ឈប់​ដើរ​តាម​គាត់ ហើយ​កំពុង​តែ​ងាក​មក​ដើរ​តាម​ព្រះ​យេស៊ូវ​វិញ។ ពេល​នោះ លោក​យ៉ូហាន​ក៏​បាន​និយាយ​ថា គាត់​មាន​អំណរ​ណាស់ ដែល​បាន​ទទួល​ដំណឹង​នេះ។ គាត់​គ្រាន់​តែ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ប៉ុណ្ណោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ … ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ”(៣:២៨-៣០)។ លោក​យ៉ូហាន​ដឹងថា គាត់​មាន​ជីវិត​រស់ គឺ​ដោយ​សារ​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា “ព្រះដែល​យាង​មក​ពី​ស្ថានសួគ៌ ក៏ខ្ពស់​លើស​ជាង​ទាំង​អស់”(ខ.៣១) ជា​ព្រះ​រាជ​បុត្រានៃ​ព្រះ ដែល​បាន​លះ​បង់​ព្រះ​ជន្ម ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួលសិរី​ល្អ និង​ព្រះ​កិត្តិ​នាម។​

ការ​លើក​ដំកើង​ខ្លួន​ឯង ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​អម្ចាស់។ ហើយ​ដោយ​សារ​ព្រះ​អង្គ ជា​ព្រះ​សង្រ្គោះ និង​ក្តីសង្ឃឹម​តែ​មួយ សម្រាប់​ពិភព​លោក នោះ​ការ​ដណ្តើម​មុខ​មាត់​ពី​ព្រះ​អង្គ នឹង​នាំ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​មិន​ខាន។ ចូរ​យើង​ជៀស​វាង​ការ​លើក​ដំកើង​ខ្លួន​ឯង ក្នុង​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ជួយ​ឲ្យ​ជោគ​ជ័យ។ ចូរ​យើង​ធ្វើអ្វី​ៗ ដើម្បីថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ និង​ជា​ប្រយោជន៍​ដល់​ពិភព​លោក និង​ខ្លួន​យើង។​—Mike Wittmer