ផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរ មានលក្ខណៈចង្អៀត។ ខ្ញុំក៏បានគិតថា គេទើបតែអ៊ុតកៅស៊ូ ឥឡូវនេះ គេកំពុងតែគាស់កាយផ្លូវនោះទៀតហើយ! ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីការជួសជុលផ្លូវនេះមិនចេះចប់មិនចេះហើយសោះ? ខ្ញុំមិនដែលឃើញគេដាក់ផ្លាកសញ្ញាថា “ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវនេះជាស្ថាពរ។ សូមបើកបរនៅលើផ្លូវដ៏ប្រណឹតនេះដោយក្តីរីករាយ” ។
ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់ខ្ញុំ ក៏មានលក្ខណៈមិនខុសពីការជួសជុលផ្លូវនេះឡើយ។ ក្នុងដំណាក់កាលដំបូងនៃជីវិតខ្ញុំជាគ្រីស្ទបរិស័ទ ខ្ញុំបាននឹកស្រមៃដល់ពេលដែលខ្ញុំមានភាពពេញវ័យខាងវិញ្ញាណ គឺពេលដែលអ្វីៗនឹងមានភាពរលូន ដូចផ្លូវថ្នល់ដែលបាន “អ៊ុតកៅស៊ូហើយ”។ ៣០ឆ្នាំក្រោយមក ខ្ញុំក៏បានសារភាពថា ខ្ញុំនៅមានចំណុចខ្វះខាត ដូចផ្លូវថ្នល់ដែលកំពុងជួសជុល។ ការជួសជុល ក្នុងជីវិតខ្ញុំហាក់ដូចជាមិនចេះ“ចប់” គឺមិនខុសពីផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរនោះ ដែលតែងតែមានក្រឡុក។ ជួនកាល បញ្ហានេះក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍នឿយណាយផងដែរ។
ប៉ុន្តែ បទគម្ពីរហេព្រើរ ជំពូក១០ មានព្រះបន្ទូលសន្យាដ៏អស្ចារ្យមួយ។ ខ.១៤ បានចែងថា “ទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ”។ ព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើ នៅលើឈើឆ្កាង បានសង្រ្គោះយើងរួចហើយ ។ គឺបានសង្រ្គោះទាំងស្រុង និងយ៉ាងល្អឥតខ្ចោះ។ ប៉ុន្តែ ព្រះជាម្ចាស់នៅតែបន្តកែប្រែជីវិតយើង នៅលើផែនដី។ គឺកែប្រែឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ គឺព្រះអង្គកំពុងតែធ្វើឲ្យយើង “កាន់តែមានភាពបរិសុទ្ធ”។
ថ្ងៃមួយ យើងនឹងបានជួបព្រះអង្គមុខទល់នឹងមុខ ហើយយើងនឹងបានដូចព្រះអង្គ(១យ៉ូហាន ៣:២)។ ប៉ុន្តែ ទំរាំតែដល់ពេលនោះ យើងត្រូវ “ឆ្លងកាត់ការជួសជុល” ដោយរង់ចាំថ្ងៃដ៏រុងរឿង ដែលព្រះរាជកិច្ចព្រះអង្គធ្វើក្នុងជីវិតយើង បញ្ចប់ជាស្ថាពរ។—Adam Holz