វាគ្មិនម្នាក់បានឡើងនិយាយ ក្រោមប្រធានបទមួយ ដែលនាំឲ្យមានភាពតានតឹង ក្នុងរឿងរើសអើងពូជសាសន៍។ តែគាត់នៅតែមានភាពនឹងធឹង ក្នុងការឈរនៅលើវេទិការ នៅចំពោះមុខអ្នកស្តាប់ជាច្រើននាក់។ គាត់បាននិយាយដោយចិត្តក្លាហាន ប៉ុន្តែ ប្រកបដោយព្រះគុណព្រះ ការបន្ទាបខ្លួន ភាពសប្បុរស និងភាពកំប្លុកកំប្លែងផងដែរ។ មិនយូរប៉ុន្មាន គេសង្កេតឃើញអ្នកស្តាប់ដែលមានអារម្មណ៍តានតឹង កំពុងតែសម្រួលអារម្មណ៍ ដោយពួកគេបានអស់សំណើចជាមួយលោកវាគ្មិន ជុំវិញបញ្ហាដែលពួកគេបានជួបដូចគ្នា។ គឺបញ្ហានៃភាពតានតឹងដែលបានឡើងកម្តៅមុននោះ តែឥឡូវនេះ អារម្មណ៍ និងពាក្យសម្តីរបស់ពួកគេក៏បានថយកម្តៅវិញ។ ដូចនេះ តើធ្វើដូចម្តេចឲ្យគេអាចបកស្រាយប្រធានបទដ៏ចម្រូងចម្រាស់ ដោយប្រើពាក្យសម្តីប្រកបដោយព្រះគុណបាន?
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំបន្ទូលរបស់ស្តេចសាឡូម៉ូន ដែលបានលើកទឹកចិត្តយើងរាល់គ្នាថា “ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង”(សុភាសិត ១៦:២៤)។ ទ្រង់ក៏មានបន្ទូលផងដែរថា “ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើតឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង”(ខ.២៣)។
ហេតុអ្វីបានជាក្សត្រដែលមានអំណាច ដូចស្តេចសាឡូម៉ូនបានលះបង់ពេលវេលា ដើម្បីបង្រៀនយើង អំពីរបៀបនិយាយស្តី? ព្រោះពាក្យសម្តីអាចបំផ្លាញ។ នៅសម័យស្តេចសាឡូម៉ូន ពួកស្តេចពឹងផ្អែកទៅលើអ្នកនាំសារ ដើម្បីទទួលដំណឹងផ្សេងៗអំពីនគររបស់ខ្លួន ដូចនេះ អ្នកនាំសារដែលមានភាពនឹងធឹង និងគួរឲ្យទុកចិត្ត គឺពិតជាមានតម្លៃណាស់។ ពួកគេប្រើពាក្យសម្តីយ៉ាងប្រុងប្រយ័ត្ន និងសមហេតុផល គឺបញ្ចេញប្រតិកម្មខ្លាំងពេក ឬនិយាយពាក្យគំរោះគំរើយនោះឡើយ ទោះបញ្ហានោះមានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
យើងរាល់គ្នាសុទ្ធតែអាចទទួលប្រយោជន៍ ពីការបញ្ចេញមតិ និងគំនិត ដោយពាក្យសម្តីផ្អែម ដោយកោតខ្លាចព្រះ និងមានការប្រុងប្រយ័ត្ន។ គឺដូចដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយសំរេចការនោះវិញ”(ខ.១)។—Patricia Raybon