វា​គ្មិន​ម្នាក់​បាន​ឡើង​និយាយ ក្រោម​ប្រធាន​បទ​មួយ ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង ក្នុង​រឿង​រើស​អើង​ពូជ​សាសន៍។ តែ​គាត់​នៅ​តែ​មាន​ភាព​នឹង​ធឹង ​ក្នុង​ការ​ឈរ​នៅ​លើ​វេទិការ នៅ​ចំពោះ​មុខ​អ្នក​ស្តាប់​ជា​ច្រើន​នាក់។ គាត់​បាន​និយាយ​ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ ប្រកប​ដោយ​ព្រះ​គុណ​ព្រះ ការ​បន្ទាប​ខ្លួន ភាព​សប្បុរស និង​ភាព​កំប្លុក​កំប្លែង​ផងដែរ។​ មិន​យូរ​ប៉ុន្មាន គេ​សង្កេត​ឃើញ​អ្នក​ស្តាប់​ដែល​មាន​អារម្មណ៍​តាន​តឹង កំពុង​តែ​សម្រួល​អារម្មណ៍ ដោយ​ពួកគេបាន​អស់​សំណើច​ជា​មួយ​លោក​វាគ្មិន ជុំវិញ​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ដូច​គ្នា។ គឺ​បញ្ហា​នៃ​ភាព​តាន​តឹង​ដែល​បានឡើង​កម្តៅ​មុន​នោះ តែ​ឥឡូវ​នេះ អារម្មណ៍ និង​ពាក្យ​សម្តី​របស់​ពួក​គេ​ក៏​បាន​ថយ​កម្តៅ​វិញ។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេចឲ្យ​គេ​អាច​បក​ស្រាយ​ប្រធាន​បទ​ដ៏​ចម្រូង​ចម្រាស់ ដោយ​ប្រើ​ពាក្យ​សម្តី​ប្រកប​ដោយ​ព្រះ​គុណបាន?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បន្ទូល​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា​ថា “ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”(សុភាសិត ១៦:២៤)។ ទ្រង់ក៏​មានបន្ទូល​ផង​ដែរ​ថា “ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង”(ខ.២៣)។

ហេតុ​អ្វី​បាន​ជា​ក្សត្រ​ដែល​មាន​អំណាច ដូច​ស្តេច​សាឡូម៉ូន​បាន​លះ​បង់​ពេល​វេលា ដើម្បី​បង្រៀន​យើង អំពី​របៀប​និយាយ​ស្តី? ព្រោះ​ពាក្យ​សម្តី​អាច​បំផ្លាញ​។ នៅ​សម័យ​ស្តេច​សាឡូម៉ូន ពួក​ស្តេច​ពឹង​ផ្អែក​ទៅ​លើ​អ្នក​នាំ​សារ ដើម្បី​ទទួល​ដំណឹង​ផ្សេង​ៗ​អំពី​នគរ​របស់​ខ្លួន ដូច​នេះ អ្នក​នាំ​សារ​ដែល​មាន​ភាព​នឹង​ធឹង និង​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពួក​គេ​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប្រុង​ប្រយ័ត្ន និង​សម​ហេតុ​ផល គឺ​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ពេក ​ឬ​និយាយពាក្យ​គំរោះ​គំរើយ​នោះ​ឡើយ ទោះ​បញ្ហា​នោះ​មាន​ភាព​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ។​

យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​ទទួល​ប្រយោជន៍ ពី​ការ​បញ្ចេញ​មតិ និង​គំនិត ដោយ​ពាក្យ​សម្តី​ផ្អែម ដោយ​កោត​ខ្លាច​ព្រះ និង​មាន​ការ​ប្រុង​ប្រយ័ត្ន។​ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា “គំនិត​ដែល​ចាត់​ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះយេហូវ៉ា​ដែល​ឆ្លើយ​សំរេច​ការ​នោះ​វិញ”(ខ.១)។—Patricia Raybon