សៀវភៅ​កំណត់​ត្រា​ប្លែក​ៗ បាន​លើក​ឡើង​ថា ជា​មធ្យម មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ បាន​ជួប​គ្រោះ​ថ្នាក់​រន្ទះ​បាញ់។ សៀវភៅ​នេះក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​២៥០០០​នាក់ មានបញ្ហា​សុខ​ភាព​ម្យ៉ាង ដែល​គេ​ហៅ​ថា “រោគ​សញ្ញា​ខូច​ចិត្ត” ដែល​បណ្តាល​មក​ពី​ភាព​តក់​ស្លត់ ឬ​ការ​បាត់​បង់​ដ៏​លើសលប់​។ ទំព័រ​នីមួយ​ៗ​ក្នុង​សៀវ​ភៅ​នេះ មាន​ការ​កត់​ត្រា​រឿង​ប្លែក​ៗ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា តើយើង​គួរ​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​យើង​កំពុង​តែ​ជួប​បញ្ហា​ណា​មួយ ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នោះ?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​ឆ្លង​កាត់​រួច​។ ព្រះជា​ម្ចាស់​បាន​មាន​បន្ទូល​អំពី​គាត់​ថា “​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ប៉ុន្តែ​ ព្រះអង្គ​បាន​ជ្រើស​រើស​លោក​យ៉ូប ឲ្យ​ទទួល​រង​ការ​បាត់​​បង់​ជា​បន្ត​បន្ទាប់ ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ជួប​ប្រទះ។ លោក​យ៉ូប​មាន​ហេតុ​ផល ដែល​ត្រូវ​សួរ​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក? ពេល​ដែល​យើង​បាន​អាន​ជំពូក​នីមួយ​ៗ​នៃ​កណ្ឌគម្ពីរ​យ៉ូប យើង​នឹង​បាន​ដឹង​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាង​នេះ។​

រឿង​របស់​លោក​យ៉ូប បាន​បង្រៀន​យើង អំពី​របៀប​ឆ្លើយ​តប ចំពោះ​ភាព​អាថ៌​កំបាំង​នៃ​ការ​ឈឺ​ចាប់ និង​ការ​អាក្រក់ ​ដែល​យើង​មិន​អាច​យល់​បាន។ រឿង​នេះ​បាន​ពិពណ៌​នា អំពី​ការ​រង​ទុក្ខ និង​គំរូ​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​ល្អ និង​សេចក្តីមេត្តា​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង​(ជំពូក ២៥)។ តាម​រយៈ​ការ​ពិពណ៌នា​នេះ យើង​អាច​យល់អំពី​ច្បាប់​នៃ​ការ​សាប​ព្រោះ និង​ការ​ទទួល​ផល​(៤:៧-៨)។ សេចក្តី​ផ្តើម​នៃ​រឿង​នេះ​និយាយ​អំពី​ភាព​វឹក​វរ ដែលសាតាំង​បាន​បង្ក​(ជំពូក១) ហើយ​ចុង​បញ្ចប់​នៃ​រឿង​នេះ​(៤២:៧-១៧) បាន​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ ដែល​នឹងអនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ទទួល​បាប​របស់​យើង ដូច​នេះ រឿង​របស់​លោក​យ៉ូប​បាន​ផ្តល់​ឲ្យ​យើង នូវ​ហេតុ​ផល ដែល​ត្រូវ​រស់​នៅ ដោយ​ជំនឿ ជា​ជាង​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​មើល​ឃើញ។—Mart DeHaan