សៀវភៅកំណត់ត្រាប្លែកៗ បានលើកឡើងថា ជាមធ្យម មនុស្សម្នាក់ ក្នុងចំណោមមនុស្ស១លាននាក់ បានជួបគ្រោះថ្នាក់រន្ទះបាញ់។ សៀវភៅនេះក៏បាននិយាយផងដែរថា មនុស្សម្នាក់ ក្នុងចំណោមមនុស្ស២៥០០០នាក់ មានបញ្ហាសុខភាពម្យ៉ាង ដែលគេហៅថា “រោគសញ្ញាខូចចិត្ត” ដែលបណ្តាលមកពីភាពតក់ស្លត់ ឬការបាត់បង់ដ៏លើសលប់។ ទំព័រនីមួយៗក្នុងសៀវភៅនេះ មានការកត់ត្រារឿងប្លែកៗជាច្រើន ដែលអាចធ្វើឲ្យយើងសួរខ្លួនឯងថា តើយើងគួរធ្វើដូចម្តេច បើសិនជាយើងកំពុងតែជួបបញ្ហាណាមួយ ដែលបានកត់ទុកក្នុងសៀវភៅនោះ?
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកយ៉ូប ដែលបានឆ្លងកាត់ទុក្ខវេទនា ដែលមនុស្សភាគច្រើនមិនអាចឆ្លងកាត់រួច។ ព្រះជាម្ចាស់បានមានបន្ទូលអំពីគាត់ថា “គ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង”(យ៉ូប ១:៨)។ ប៉ុន្តែ ព្រះអង្គបានជ្រើសរើសលោកយ៉ូប ឲ្យទទួលរងការបាត់បង់ជាបន្តបន្ទាប់ ដែលមនុស្សភាគច្រើនមិនដែលជួបប្រទះ។ លោកយ៉ូបមានហេតុផល ដែលត្រូវសួរថា ហេតុអ្វីគាត់ត្រូវជួបទុក្ខលំបាក? ពេលដែលយើងបានអានជំពូកនីមួយៗនៃកណ្ឌគម្ពីរយ៉ូប យើងនឹងបានដឹងថា ហេតុអ្វីគាត់ត្រូវជួបទុក្ខលំបាកយ៉ាងនេះ។
រឿងរបស់លោកយ៉ូប បានបង្រៀនយើង អំពីរបៀបឆ្លើយតប ចំពោះភាពអាថ៌កំបាំងនៃការឈឺចាប់ និងការអាក្រក់ ដែលយើងមិនអាចយល់បាន។ រឿងនេះបានពិពណ៌នា អំពីការរងទុក្ខ និងគំរូដ៏ល្អបំផុតនៃសេចក្តីល្អ និងសេចក្តីមេត្តារបស់ព្រះជាម្ចាស់ ក្នុងពេលដែលមានការភ័ន្តភាំង(ជំពូក ២៥)។ តាមរយៈការពិពណ៌នានេះ យើងអាចយល់អំពីច្បាប់នៃការសាបព្រោះ និងការទទួលផល(៤:៧-៨)។ សេចក្តីផ្តើមនៃរឿងនេះនិយាយអំពីភាពវឹកវរ ដែលសាតាំងបានបង្ក(ជំពូក១) ហើយចុងបញ្ចប់នៃរឿងនេះ(៤២:៧-១៧) បានកត់ទុកនូវព្រះបន្ទូលព្រះ ដែលនឹងអនុញ្ញាតឲ្យព្រះរាជបុត្រាព្រះអង្គទទួលបាបរបស់យើង ដូចនេះ រឿងរបស់លោកយ៉ូបបានផ្តល់ឲ្យយើង នូវហេតុផល ដែលត្រូវរស់នៅ ដោយជំនឿ ជាជាងរស់នៅដោយពឹងផ្អែកទៅលើការមើលឃើញ។—Mart DeHaan