មាន​ពេល​មួយ ស្តាស៊ី(Staci) បាន​ទៅ​ស្ថានីយ៍​ចាក់​ប្រេង ហើយ​ក៏​បាន​ជួប​ស្រ្តី​ម្នាក់ ដែល​បាន​ភ្លេច​យក​កាត​ធនាគារ​ដាក់​តាម​ខ្លួន។ ដោយ​សារ​គាត់​ និង​កូន​តូច​របស់​គាត់​មិន​អាច​ទៅ​​ណា​រួច គាត់​ក៏​បាន​សុំ​ជំនួយ​ពី​មនុស្សដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ។ កាល​នោះ ស្តាស៊ី​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ តែ​នាង​បាន​ជួយ​ចេញ​ថ្លៃសាំង​ឲ្យ​គាត់ ១៥​ដុល្លា ទោះ​នាង​មិន​ដែល​ស្គាល់​គាត់​ក៏​ដោយ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពេល​ស្តាស៊ី​វិល​មក​ដល់​ផ្ទះ នាង​ក៏​បាន​ឃើញ​អំណោយ​ដែល​ជា​របស់​ក្មេង​លេង​មួយ​កញ្ច្រែង និង​អំណោយ​ដទៃ​ទៀត កំពុង​តែ​រង់​ចាំ​នាង នៅមុខ​ទ្វារ​ចូល​ផ្ទះ។ មិត្ត​ភក្តិ​របស់​ស្រ្តី​នោះ បាន​តប​ស្នង​អំពើ​សប្បុរស​ធម៌​របស់​ស្តាស៊ីវិញ ដោយ​ធ្វើ​ឲ្យ​លុយ​១៥​ដុល្លា​របស់​នាង​ដែល​ជា​ព្រះ​ពរ​មក​ពី​ព្រះ ​ក្លាយ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​បំភ្លេច​បាន សម្រាប់​ក្រុម​គ្រួសារ​នាង។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ដែល​ទ្រង់​បាន​បង្រៀន​គេ​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ”(លូកា ៦:៣៨)។​

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុច​នេះ មិន​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅ​លើ​ការ​តប​ស្នង ឬ​ចង់​បាន​ការ​តបស្នង​ពី​គេ​វិញ​នោះ​ឡើយ។ ព្រោះ​មុន​នោះ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ចូរ​ស្រឡាញ់​ដល់​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​និង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ”(ខ.៣៥)។

យើង​មិន​ត្រូវ​ឲ្យ​អ្វី​ទៅ​នរណា​ម្នាក់ ដើម្បី​ឲ្យ​បាន​ការ​តប​ស្នង​មក​វិញ​នោះ​ឡើយ។ យើង​ឲ្យ​ទៅ​គេ ព្រោះ​ព្រះ​ជា​ម្ចាស់សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស​ធម៌ និង​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នកដទៃ នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។​—Remi Oyedele