មានពេលមួយ ស្តាស៊ី(Staci) បានទៅស្ថានីយ៍ចាក់ប្រេង ហើយក៏បានជួបស្រ្តីម្នាក់ ដែលបានភ្លេចយកកាតធនាគារដាក់តាមខ្លួន។ ដោយសារគាត់ និងកូនតូចរបស់គាត់មិនអាចទៅណារួច គាត់ក៏បានសុំជំនួយពីមនុស្សដែលធ្វើដំណើរកាត់តាមនោះ។ កាលនោះ ស្តាស៊ីមិនទាន់មានការងារធ្វើនៅឡើយទេ តែនាងបានជួយចេញថ្លៃសាំងឲ្យគាត់ ១៥ដុល្លា ទោះនាងមិនដែលស្គាល់គាត់ក៏ដោយ។ ប៉ុន្មានថ្ងៃក្រោយមក ពេលស្តាស៊ីវិលមកដល់ផ្ទះ នាងក៏បានឃើញអំណោយដែលជារបស់ក្មេងលេងមួយកញ្ច្រែង និងអំណោយដទៃទៀត កំពុងតែរង់ចាំនាង នៅមុខទ្វារចូលផ្ទះ។ មិត្តភក្តិរបស់ស្រ្តីនោះ បានតបស្នងអំពើសប្បុរសធម៌របស់ស្តាស៊ីវិញ ដោយធ្វើឲ្យលុយ១៥ដុល្លារបស់នាងដែលជាព្រះពរមកពីព្រះ ក្លាយជាអំណោយថ្ងៃណូអែលដែលមិនអាចបំភ្លេចបាន សម្រាប់ក្រុមគ្រួសារនាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបន្ទូលរបស់ព្រះយេស៊ូវ ដែលទ្រង់បានបង្រៀនគេថា “ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ”(លូកា ៦:៣៨)។
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ មិនបានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើការតបស្នង ឬចង់បានការតបស្នងពីគេវិញនោះឡើយ។ ព្រោះមុននោះ ព្រះអង្គក៏បានមានបន្ទូលផងដែរថា “ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនិងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ”(ខ.៣៥)។
យើងមិនត្រូវឲ្យអ្វីទៅនរណាម្នាក់ ដើម្បីឲ្យបានការតបស្នងមកវិញនោះឡើយ។ យើងឲ្យទៅគេ ព្រោះព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងមានចិត្តសប្បុរសធម៌ និងសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ នឹងឆ្លុះបញ្ចាំងឲ្យគេឃើញសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង។—Remi Oyedele