បន្ទាប់ពីពួកអវកាសយានិកបានចុះចតយាន្តអវកាសអ៊ីហ្គល នៅលើដីស្ថានព្រះច័ន្ទ លោកនេល អាមស្រ្តង(Neil Armstrong) ក៏បានប្រកាស់ថា “នេះជាការបោះជំហានដ៏តូចមួយសម្រាប់មនុស្សម្នាក់ តែជាការបោះជំហានយក្សសម្រាប់មនុស្សជាតិ”។ គាត់ជាមនុស្សទីមួយ ដែលបានដើរនៅលើស្ថានព្រះច័ន្ទ។ ក្រោយមក មានអវកាសយានិកដទៃទៀត ក៏បានឡើងដល់ស្ថានព្រះច័ន្ទផងដែរ ដែលរាប់បញ្ចូលទំាងលោកជីន ឃ័រណាន(Gene Cernan) ដែលជាមេបញ្ជាការ នៃបេសកកម្មអាប៉ូឡូចុងក្រោយ។ លោកឃ័រណានមានប្រសាសន៍ថា “ពេលខ្ញុំបានឈរនៅលើស្ថានព្រះច័ន្ទ ហើយអ្នកទាំងអស់គ្នា កំពុងតែនៅលើភពផែនដី ខ្ញុំមានអារម្មណ៍ស្ងប់ស្ងែងយ៉ាងខ្លាំង ចំពោះអ្វីដែលខ្ញុំបានជួប … ភពនេះពិតជាស្រស់ស្អាតណាស់ គឺមិនអាចកើតមានដោយឯកឯងឡើយ។ ខ្ញុំជឿថា ប្រាកដជាមាននរណាម្នាក់ ដែលធំជាងអ្នក និងធំជាងខ្ញុំ ដែលបានរៀបចំឲ្យមានស្ថាននេះឡើង”។ តាមទស្សនៈរបស់ពួកគេនៅក្នុងទីអវកាសដ៏សែនជ្រៅ ពួកគេបានយល់ឃើញថា ពួកគេមានភាពតូចល្អិតណាស់ បើធៀបនឹងវិសាលភាពនៃចក្រវាលទាំងមូល។
លោកហោរាយេរេមា ក៏បានពិចារណា អំពីភាពធំឧត្តម្ភនៃព្រះ ដែលជាព្រះអាទិករ និងព្រះដែលទ្រទ្រង់ផែនដី និងអ្វីៗដែលនៅក្រៅផែនដី។ ព្រះដែលបានបង្កើតអ្វីៗទាំងអស់បានសន្យាថា នឹងបើកបង្ហាញព្រះអង្គទ្រង់ តាមរបៀបដែលជិតស្និទ្ធ ខណៈពេលដែលព្រះអង្គប្រទានរាស្រ្តព្រះអង្គ នូវសេចក្តីស្រឡាញ់ ការអត់ទោស និងក្តីសង្ឃឹម(យេរេមា ៣១:៣៣-៣៤)។ លោកយេរេមាក៏បានបញ្ជាក់ អំពីភាពធំឧត្តមរបស់ព្រះ ដោយពិពណ៌នាថា “ឯព្រះ ដែលប្រទានព្រះអាទិត្យ សំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់”(ខ.៣៥)។ ព្រះអាទិករ និងព្រះដ៏មានចេស្តានៃយើង នឹងសោយរាជលើអ្វីៗទំាងអស់ ខណៈពេលដែលព្រះអង្គធ្វើការប្រោសលោះរាស្រ្តរបស់ព្រះអង្គទាំងអស់(ខ.៣៦-៣៧)។
ទោះយើងធ្វើការរុករកភាពធំទូលាយដែលមិនអាចវាស់បាន នៃទីអវកាសនៅក្រៅផែនដី និងជម្រៅនៃគ្រឹះរបស់ផែនដីយ៉ាងណា ក៏នៅតែរុករកមិនអស់។ ប៉ុន្តែ យើងអាចឈរស្ញប់ស្ញែង ចំពោះភាពចម្រុះដ៏ស្មុគ្រស្មាញ នៃចក្រវាល និងទុកចិត្តព្រះដែលបង្កើតស្ថានព្រះច័ន្ទ និងអ្វីៗផ្សេងទៀត។—Xochitl Dixon