បន្ទាប់​ពី​ពួក​អវកាស​យានិក​បាន​ចុះ​ចត​យាន្ត​អវកាស​អ៊ីហ្គល នៅ​លើ​ដី​ស្ថាន​ព្រះ​ច័ន្ទ លោក​នេល អាមស្រ្តង(Neil Armstrong) ក៏​បាន​ប្រកាស់​ថា “នេះ​ជា​ការ​បោះ​ជំហាន​ដ៏​តូច​មួយ​សម្រាប់​មនុស្ស​ម្នាក់ តែ​ជា​ការ​បោះ​ជំហាន​យក្សសម្រាប់​មនុស្ស​ជាតិ”។ គាត់​ជា​មនុស្ស​ទី​មួយ ដែល​បាន​ដើរ​នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ។ ក្រោយ​មក មាន​អវកាស​យានិក​ដទៃ​ទៀត ក៏​បាន​ឡើង​ដល់​ស្ថាន​ព្រះ​ច័ន្ទ​ផង​ដែរ ដែល​រាប់​បញ្ចូល​ទំាង​លោក​ជីន ឃ័រណាន(Gene Cernan) ដែល​ជា​មេ​បញ្ជា​ការ នៃ​បេសក​កម្ម​អាប៉ូឡូ​ចុង​ក្រោយ។ លោក​ឃ័រណាន​មាន​ប្រសាសន៍​ថា “ពេល​ខ្ញុំ​បាន​ឈរ​នៅលើ​ស្ថាន​ព្រះ​ច័ន្ទ ហើយ​អ្នក​ទាំង​អស់​គ្នា កំពុង​តែ​នៅ​លើ​ភព​ផែន​ដី ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ស្ងែង​យ៉ាង​ខ្លាំង ចំពោះ​អ្វីដែល​ខ្ញុំ​បាន​ជួប … ភព​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់ គឺ​មិន​អាច​កើត​មាន​ដោយ​ឯក​ឯង​ឡើយ។ ខ្ញុំ​ជឿ​ថា ប្រាកដ​ជាមាន​នរណា​ម្នាក់ ដែល​ធំ​ជាង​អ្នក និង​ធំ​ជាង​ខ្ញុំ  ដែល​បាន​រៀប​ចំ​ឲ្យ​មាន​ស្ថាន​នេះ​ឡើង”។ តាម​ទស្សនៈ​របស់​ពួក​គេនៅ​ក្នុង​ទីអវកាស​ដ៏​សែន​ជ្រៅ ពួក​គេ​បាន​យល់​ឃើញ​ថា ពួក​គេ​មាន​ភាព​តូច​ល្អិត​ណាស់ បើ​ធៀប​នឹង​វិសាល​ភាពនៃ​ចក្រ​វាល​ទាំង​មូល។​

លោក​ហោរា​យេរេមា ក៏​បាន​ពិចារណា អំពី​ភាព​ធំ​ឧត្តម្ភ​នៃ​ព្រះ ដែល​ជា​ព្រះ​អាទិករ និង​ព្រះ​ដែល​ទ្រទ្រង់​ផែន​ដី និងអ្វី​ៗ​ដែល​នៅ​ក្រៅ​ផែន​ដី។ ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​បាន​សន្យា​ថា នឹង​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ តាម​របៀបដែល​ជិត​ស្និទ្ធ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ប្រទាន​រាស្រ្ត​ព្រះ​អង្គ នូវ​សេចក្តី​ស្រឡាញ់ ការ​អត់​ទោស និង​ក្តី​សង្ឃឹម​(យេរេមា ៣១:៣៣-៣៤)។ លោក​យេរេមា​ក៏​បាន​បញ្ជាក់ អំពី​ភាព​ធំ​ឧត្តម​របស់​ព្រះ ដោយ​ពិពណ៌នា​ថា “ឯ​ព្រះ ដែល​ប្រទាន​ព្រះអាទិត្យ សំរាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សំរាប់​បំភ្លឺ​នៅ​ពេល​យប់”(ខ.៣៥)។ ព្រះ​អាទិករ និង​ព្រះ​ដ៏​មាន​ចេស្តា​នៃ​យើង នឹង​សោយ​រាជ​លើ​អ្វី​ៗ​ទំាង​អស់ ខណៈ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ការ​ប្រោស​លោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ទាំង​អស់​(ខ.៣៦-៣៧)។

ទោះ​​យើង​ធ្វើ​ការ​រុក​រក​ភាព​ធំ​ទូលាយ​ដែល​មិន​អាច​វាស់​បាន នៃ​ទីអវកាស​នៅ​ក្រៅ​ផែន​ដី និង​ជម្រៅ​នៃ​គ្រឹះ​របស់ផែនដី​យ៉ាង​ណា ក៏នៅ​​តែ​រុក​រក​មិន​អស់។ ប៉ុន្តែ យើង​អាច​ឈរ​ស្ញប់​ស្ញែង ចំពោះ​ភាព​ចម្រុះដ៏​ស្មុគ្រ​ស្មាញ​ នៃចក្រ​វាល និង​ទុក​ចិត្ត​ព្រះ​ដែល​បង្កើត​ស្ថាន​ព្រះ​ច័ន្ទ និង​អ្វី​ៗ​ផ្សេង​ទៀត។​—Xochitl Dixon