ក្នុងខ្សែភាពយន្តដែលបានចាក់បញ្ចាំង កាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលបានតាំងខ្លួនជា “អ្នកប្រាជ្ញ” បានស្រែកឡូឡា នៅពីមុខកាំមីរ៉ា អំពី “រឿងអាក្រក់ៗ អំពើពុករលួយ ភាពល្ងង់ខ្លៅ និងភាពក្រីក្រ” ក្នុងពិភពលោកនេះ ដោយប្រកាស់ថា ការអាក្រក់ទាំងនោះ គឺបណ្តាលមកពីការរស់នៅក្នុងជីវិតដែលគ្មានព្រះ និងគ្មានហេតុផល។ នៅក្នុងសាច់រឿងរបស់ខ្សែភាពយន្តសម័យទំនើប ការគិតដូចនេះ គឺមិនមែនជារឿងចម្លែកទេ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តើការគិតដូចនេះបានប្រយោជន៍អ្វីខ្លះ? នៅទីបញ្ចប់ តួឯកក្នុងរឿងនេះ ក៏បានងាកមករកទស្សនិកជនទាំងឡាយ ដោយអង្វរពួកគេឲ្យធ្វើអ្វីក៏ដោយ ឲ្យតែរកបានសុភមង្គល។ សម្រាប់គាត់ ការស្វែងរកសុភមង្គល គឺរាប់បញ្ចូលការបោះបង់ចោលក្រមសីលធម៌ នៅក្នុងប្រពៃណី។
ប៉ុន្តែ តើយើងត្រូវធ្វើអ្វីក៏ដោយ ឲ្យតែបានសុភមង្គលឬ? អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាបានសាកល្បងវិធីសាស្ត្រនេះ តាំងពីយូរមកហើយ ពេលដែលគាត់កំពុងតែជួបប្រទះភាពអស់សង្ឃឹម ដោយសាររឿងអាក្រក់ជាច្រើន ក្នុងជីវិត។ គាត់បានព្យាយាមស្វែងរកសុភមង្គល តាមរយៈការសប្បាយ(សាស្តា ២:១,១០) គម្រោងធំៗ(ខ.៤-៦) ទ្រព្យសម្បត្តិ(ខ.៧-៩) និងការស្វែងរកចំណេះដឹងក្នុងទស្សនវិជ្ជា(ខ.១២-១៦)។ ប៉ុន្តែ ទីបំផុតគាត់ក៏បានរកឃើញថា “ការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ”(ខ.១៧)។ របស់ទាំងអស់នេះមិនអាចធន់នឹងសេចក្តីស្លាប់ គ្រោះមហន្តរាយ ឬភាពអយុត្តិធម៌ឡើយ(៥:១៣-១៧)។
មានតែដំណោះស្រាយមួយប៉ុណ្ណោះ ដែលអាចនាំអ្នកនិពន្ធបទគម្ពីរសាស្តា ចេញពីភាពអស់សង្ឃឹម។ ពេលដែលជីវិតមានទុក្ខលំបាក យើងអាចរកឃើញភាពស្កប់ចិត្ត ពេលដែលយើងអនុញ្ញាតឲ្យព្រះជាម្ចាស់ ធ្វើជាផ្នែកមួយនៃការរស់នៅ និងការងាររបស់យើង។ ព្រោះបើគ្មានព្រះអង្គទេ តើយើងអាចមានអាហារបរិភោគ និងមានក្តីអំណរដោយរបៀបណា?(២:២៤-២៥)។ ពេលខ្លះ យើងមានអារម្មណ៍ថា ជីវិតយើងហាក់ដូចជាគ្មានន័យ ប៉ុន្តែ “សូមនឹកចាំ អំពីព្រះអាទិកររបស់យើងចុះ”(១២:១)។ ចូរកុំខ្ជះខ្ជាយកម្លាំង និងពេលវេលារបស់អ្នក នៅក្នុងការស្វែងរកដំណោះស្រាយនៅខាងក្រៅព្រះគម្ពីរនោះឡើយ តែចូរ “កោតខ្លាចព្រះ និងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គចុះ”(ខ.១៣)។
បើគ្មានព្រះជាម្ចាស់គង់នៅជាចំណុចកណ្តាលនៃជីវិតយើងទេ នោះការសប្បាយ និងទុក្ខព្រួយក្នុងជីវិតយើង នឹងនាំទៅរកការខកចិត្តមិនខាន។—Sheridan Voysey