លោកអាន់ឃល ហ្សាគី(Uncle Zaki) គឺជាមិត្តភក្តិរបស់លោកខេនេត បេលី(Kenneth Bailey) ដែលជាអ្នកប្រាជ្ញ ហើយថែមទាំងបានធ្វើជាអ្នកនាំផ្លូវដែលគាត់បានទុកចិត្ត នៅក្នុងការធ្វើដំណើរចូលទៅក្នុងសមុទ្រខ្សាច់សាហារាដ៏ធំល្វឹងល្វើយ។ លោកបេលីក៏បាននិយាយថា គាត់និងក្រុមការងាររបស់គាត់បានបង្ហាញចេញនូវការទុកចិត្តទាំងស្រុង ចំពោះលោកហ្សាគី ក្នុងការធ្វើដំណើរនេះ។ ត្រង់ចំណុចនេះ ពួកគេកំពុងតែបញ្ជាក់ ដល់លោកហ្សាគីថា “យើងមិនស្គាល់ផ្លូវធ្វើដំណើរទេ ហើយបើអ្នកវង្វេងផ្លូវ នោះយើងនឹងស្លាប់ទាំងអស់គ្នាមិនខាន។ យើងបានទុកចិត្តទំាងស្រុង ចំពោះការដឹកនាំរបស់អ្នក”។
ក្នុងពេលដែលស្តេចដាវីឌមានចិត្តនឿយព្រួយ និងឈឺចាប់ខ្លាំង ទ្រង់បានស្វែងរកការដឹកនាំ ពីព្រះជាម្ចាស់ ដែលទ្រង់បានបម្រើ។ ក្នុងបទគម្ពីរ ទំនុកដំកើង ៦១:២ ទ្រង់បានពោលថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”។ ទ្រង់ត្រូវការសុវត្ថិភាព និងភាពធូរស្រាល នៅក្នុងការចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់សារជាថ្មី(ខ.៣-៤)។
មនុស្សដែលអស់សង្ឃឹម ដូចសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាល ត្រូវការការដឹកនាំមកពីព្រះ(អេសាយ ៥៣:៦)។ បើដឹកនាំជីវិតខ្លួនឯង យើងនឹងវង្វេង ដោយគ្មានក្តីសង្ឃឹម ក្នុងវាលរហោស្ថាននៃលោកិយ ដែលពេញដោយអំពើបាប។
ប៉ុន្តែ ព្រះអម្ចាស់មិនដែលទុកយើងចោលឡើយ! ព្រះអង្គជាអ្នកគង្វាលយើង ដែលនឹងដឹកនាំយើង “នៅក្បែរទឹកហូរគ្រឿនៗ” ហើយដឹកនាំយើង ធ្វើឲ្យវិញ្ញាណយើងមានភាពស្រស់ថ្លាឡើង (ទំនុកដំកើង ២៣:២-៣)។
តើអ្នកត្រូវការការដឹកនាំរបស់ព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក នៅថ្ងៃនេះ? ចូរស្រែករកព្រះអង្គចុះ។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នកឡើយ។—BILL CROWDER