នៅសតវត្សរ៍ទី១៥ លោកថូម៉ាស់ អា ខេមភីស(Thomas à Kempis) បាននិពន្ធសៀវភៅដ៏ពេញនិយម ដែលមានចំណងជើងថា ការត្រាប់តាមព្រះគ្រីស្ទ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីការល្បួង តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើលបន្តិច។ គាត់បានលើកទឹកចិត្តយើង កុំឲ្យផ្តោតទៅលើការឈឺចាប់ និងទុក្ខលំបាក ដែលយើងទទួលបានពីការល្បួងនោះឡើយ តែផ្ទុយទៅវិញ ការល្បួងមានប្រយោជន៍ ព្រោះវាអាចនាំឲ្យយើងបន្ទាបខ្លួន លាងសម្អាតយើង និងបង្រៀនយើងផងដែរ។ គាត់ក៏បានពន្យល់ថា “គន្លឹះដើម្បីឲ្យយើងទទួលជ័យជម្នះ ត្រូវមានការបន្ទាបខ្លួន និងការអត់ធ្មត់ពិតប្រាកដ។ ព្រោះយើងអាចឈ្នះខ្មាំងសត្រូវ ដោយការបន្ទាបខ្លួន និងការអត់ធ្មត់”។
បើសិនជាខ្ញុំឆ្លើយតបចំពោះការល្បួង ដោយការបន្ទាបខ្លួន និងការអត់ធ្មត់ នោះរបៀបដែលខ្ញុំដើរជាមួយព្រះគ្រីស្ទនឹងមានការផ្លាស់ប្តូរ។ ជាញឹកញាប់ ខ្ញុំបានឆ្លើយតបចំពោះការល្បួង ដោយការខ្មាស់អៀន ចិត្តនឿយណាយ និងការប៉ុនប៉ងបញ្ចប់ការលំបាកនោះ ដោយខ្វះការអត់ធ្មត់ជាដើម។
ប៉ុន្តែ តាមបទគម្ពីរយ៉ាកុប ១ ការល្បួង និងទុក្ខលំបាកដែលយើងជួបប្រទះ គឺបានកើតឡើង ដោយមានគោលបំណង គឺមិនគ្រាន់តែជាការគំរាមកំហែង ដែលយើងត្រូវស៊ូទ្រាំប៉ុណ្ណោះឡើយ។ ការចុះចាញ់ការល្បួង អាចនាំឲ្យមានការឈឺចាប់ និងភាពអន្តរាយ(ខ.១៣-១៥) តែពេលណាយើងងាកបែរមករកព្រះជាម្ចាស់ ដោយចិត្តដែលបន្ទាបចុះ ដើម្បីស្វែងរកប្រាជ្ញា និងព្រះគុណរបស់ព្រះ នោះយើងនឹងដឹងថា ព្រះអង្គនឹងប្រទានដល់មនុស្ស ដោយសេចក្តីសប្បុរស ឥតបន្ទោសឡើយ(ខ.៥)។ តាមរយៈអំណាចចេស្តារបស់ព្រះអង្គ ដែលមានក្នុងយើង ទុក្ខលំបាក និងការតស៊ូប្រឆាំងនឹងអំពើបាប នាំឲ្យយើងមានការស៊ូទ្រាំ ដើម្បីឲ្យយើងរាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ(ខ.៤)។
កាលណាយើងទុកចិត្តព្រះយេស៊ូវ នោះយើងគ្មានហេតុផល ដែលត្រូវរស់នៅ ក្នុងការភ័យខ្លាចឡើយ។ ក្នុងនាមជាកូនស្ងួនភ្ងារបស់ព្រះ យើងអាចរកឃើញសន្តិភាព នៅក្នុងការសម្រាក ក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់ សូម្បីតែនៅពេលដែលយើងកំពុងតែប្រឈមមុខដាក់ការល្បួងក៏ដោយ។—Monica Brands