មាន​ពេល​មួយ កូន​ៗ​របស់​ខ្ញុំ​បាន​មើល​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ពណ៌​ស្លេក ហើយ​ក៏​ងាក​មក​លើ​ខ្ញុំ​ រួច​មើល​ទៅ​ឪពុក​ខ្ញុំ ហើយ​ងាក​មក​មើល​ខ្ញុំ និង​ឪពុក​ខ្ញុំ​ទៀត។ ពួក​គេ​ក៏​បាន​បើក​ភ្នែក​ធំ​ៗ។ ពួក​គេ​ក៏​លាន់​មាត់​ថា “ប៉ា ប៉ា​មាន​មុខ​មាត់​ដូច​លោកតា កាល​នៅ​ក្មេង​ណាស់!” ខ្ញុំ និង​ឪពុក​របស់​ខ្ញុំ​ក៏​បាន​ញញឹម ព្រោះ​វា​ជា​រឿង​ដែល​យើង​បាន​ដឹង​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ កូន​ៗ​របស់​ខ្ញុំ​ទើប​តែ​បាន​ដឹង​ដូច​យើង​ដែរ។ ដើម្បី​មើល​ឲ្យ​ដឹង​ថា ខ្ញុំ និង​ឪពុក​ខ្ញុំ​មាន​មុខ​មាត់​ដូច​គ្នា គេ​ត្រូវ​យក​រូប​ថត​របស់គាត់​កាល​ពី​ក្មេង​មក​មើល ដែល​កាល​នោះ គាត់​ជា​យុវជន មាន​កម្ពស់​ខ្ពស់ មាន​សក់​ពណ៌​ខ្មៅ ខ្ទង់​ច្រមុះ​ខ្ពស់​ និង​ត្រចៀក​ធំ​។ ខ្ញុំ​មិន​មែន​ជា​ឪពុក​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​គឺ​ជា​កូន​របស់​គាត់​យ៉ាង​ពិត​ប្រាកដ។​

ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ម្នាក់​ឈ្មោះ​ភីលីព ធ្លាប់​បាន​ទូល​សូម​ព្រះ​អង្គ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ”(យ៉ូហាន ១៤:៨)។ ពេល​នោះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​គេ​បាន​ទូល​សូម​ព្រះ​អង្គ​ដូច​នេះ តែ​លើក​នោះ​ ព្រះ​អង្គ​មាន​បន្ទូល​ឆ្លើយ​ប្រាប់​គាត់​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ”(ខ.៩)។ រួច​ព្រះ​អង្គ​ក៏​មាន​បន្ទូល​ទៀត​ថា “តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី?”(ខ.១០)។ ត្រង់​ចំណុច​នេះ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ថា លក្ខណៈ​សម្បត្តិ និង​បុគ្គលិក​លក្ខណៈ​ដែល​ព្រះ​អង្គ​មាន គឺ​ដូច​ព្រះ​វរបិតា​ទាំង​ស្រុង គឺ​ខុស​ពី​ការ​ដែល​មុខ​មាត់​ខ្ញុំ កាត់​ទៅ​រក​ឪពុក​របស់​ខ្ញុំ។​

នៅ​ពេល​នោះ​ ព្រះ​យេស៊ូវ​ចង់​មាន​បន្ទូល​ត្រង់​ៗ ជា​មួយ​ពួក​សិស្ស​របស់​ព្រះ​អង្គ និង​ជា​មួយ​យើង។ បើ​យើង​ចង់​ដឹង​ថា ព្រះវរបិតា​មាន​លក្ខណៈ​ដូច​ម្តេច ចូរ​មើល​ទៅ​ព្រះ​យេស៊ូវ​ចុះ ។​—John Blasé