មានពេលមួយ ខ្ញុំបានចូលទៅក្នុងកណ្តាលហ្វូងមនុស្សដ៏កកកុញ ដើម្បីមើលការបង្ហោះម៉ូតូដ៏អស្ចារ្យ។ ពេលនោះ ខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវប្រឹងចំអឺតជើង ដើម្បីមើលឃើញការសម្តែងនេះ។ ខ្ញុំក៏បានក្រឡេកមើលជុំវិញខ្លួន ឃើញក្មេងបីនាក់នៅលើដើមឈើមួយដើម នៅក្បែរនោះ ប្រហែលពួកគេមិនអាចទៅឈរនៅមុខហ្វូងមនុស្ស ដើម្បីទស្សនាការសម្តែងនេះ។
ពេលដែលខ្ញុំបានឃើញក្មេងៗនៅលើដើមឈើ ខ្ញុំក៏បាននឹកចាំ អំពីលោកសាខេ ដែលជាអ្នកយកពន្ធដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ(លូកា ១៩:២)។ ជាញឹកញាប់ ជនជាតិយូដាច្រើនតែយល់ឃើញថា ពួកអ្នកយកពន្ធ គឺជាជនក្បត់ជាតិ ដែលធ្វើការឲ្យចក្រភពរ៉ូម៉ាំង ដោយប្រមូលពន្ធពីជនរួមជាតិខ្លួនដែលជាសាសន៍អ៊ីស្រាអែល ហើយជាញឹកញាប់ ពួកគេក៏បានទារប្រាក់បន្ថែមពីលើពន្ធដារ ដាក់ក្នុងឃ្លាំងទ្រព្យរបស់ខ្លួនផងដែរ។ ដូចនេះ សហគមន៍របស់លោកសាខេ ទំនងជាមិនរាប់រកគាត់ទេ។
ខណៈពេលដែលព្រះយេស៊ូវយាងកាត់ទីក្រុងយេរីខូ លោកសាខេចង់ឃើញព្រះអង្គ ប៉ុន្តែ មិនអាចមើលឃើញ ដោយសារមានមនុស្សច្រើនពេក។ ដូចនេះ គាត់ប្រហែលជាអស់សង្ឃឹម និងឯកោណាស់ បានជាគាត់ឡើងដើមឧទុម្ពរ ដើម្បីឲ្យបានឃើញព្រះអង្គ(ខ.៣-៤)។ ព្រះយេស៊ូវក៏បានទតឃើញគាត់ ហើយក៏បានប្រកាស់ថា ព្រះអង្គសព្វព្រះទ័យនឹងធ្វើជាភ្ញៀវនៅផ្ទះគាត់(ខ.៥)។
រឿងរបស់លោកសាខាបានរំឭកយើងថា ព្រះយេស៊ូវបានយាងមក ដើម្បី “ស្វែងរក និងសង្រ្គោះមនុស្សបាត់បង់” ដោយប្រទានការរាប់រក និងអំណោយនៃសេចក្តីសង្រ្គោះ(ខ.៩-១០)។ យើងប្រហែលជាមានអារម្មណ៍ថា គេមិនរាប់រក ឬត្រូវបានរុញច្រាន ឲ្យនៅ “ក្រោយហ្វូងមនុស្ស” តែពេលនោះ យើងអាចដឹងច្បាស់ថា ព្រះយេស៊ូវនៅតែអាចរកយើងឃើញ។—Lisa M. Samra