មាន​ពេល​មួយ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​កណ្តាល​ហ្វូង​មនុស្ស​ដ៏​កក​កុញ ដើម្បី​មើល​ការ​បង្ហោះ​​ម៉ូតូ​ដ៏​អស្ចារ្យ។ ពេល​នោះ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ប្រឹង​ចំអឺត​ជើង ដើម្បី​​មើល​ឃើញ​ការ​សម្តែង​នេះ។ ខ្ញុំ​ក៏​បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន ឃើញ​ក្មេង​បីនាក់​នៅ​លើ​ដើម​ឈើ​មួយ​ដើម នៅ​ក្បែរ​នោះ ប្រហែល​​ពួក​គេ​មិន​អាច​ទៅ​ឈរ​នៅ​មុខ​ហ្វូង​មនុស្ស ដើម្បី​ទស្សនាការ​សម្តែង​នេះ។​

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ក្មេង​ៗ​នៅ​លើ​ដើម​ឈើ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​(លូកា ១៩:២)។ ជា​ញឹក​ញាប់ ជន​ជាតិ​យូដា​ច្រើន​តែ​យល់​ឃើញ​ថា ពួក​អ្នក​យក​ពន្ធ គឺ​ជា​ជន​ក្បត់​ជាតិ ដែល​ធ្វើ​ការ​ឲ្យ​ចក្រ​ភព​រ៉ូម៉ាំង ដោយ​ប្រមូល​ពន្ធ​ពី​ជន​រួម​ជាតិ​ខ្លួន​ដែល​ជា​សាសន៍​អ៊ីស្រាអែល ហើយ​ជា​ញឹក​ញាប់ ពួក​គេ​ក៏បាន​ទា​រប្រាក់​បន្ថែម​ពី​លើ​ពន្ធ​ដារ ដាក់​ក្នុង​ឃ្លាំងទ្រព្យ​របស់​ខ្លួនផងដែរ។ ដូច​នេះ សហគមន៍​របស់​លោក​សាខេ ទំនង​ជា​មិន​រាប់រក​គាត់​ទេ។​

ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​កាត់​ទីក្រុង​យេរីខូ លោក​សាខេ​ចង់​ឃើញ​ព្រះ​អង្គ ប៉ុន្តែ មិន​អាច​មើល​ឃើញ ដោយ​សារមាន​មនុស្ស​ច្រើន​ពេក។ ដូច​នេះ គាត់​ប្រហែល​ជា​អស់​សង្ឃឹម និង​ឯកោ​ណាស់ បាន​ជា​គាត់​ឡើង​ដើម​ឧទុម្ពរ ដើម្បី​ឲ្យ​បាន​ឃើញ​ព្រះ​អង្គ​(ខ.៣-៤)។ ព្រះ​យេស៊ូវ​ក៏​បាន​ទត​ឃើញ​គាត់ ហើយ​ក៏​បាន​ប្រកាស់​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ជា​ភ្ញៀវ​នៅ​ផ្ទះ​គាត់(ខ.៥)។

រឿង​របស់​លោក​សាខា​បាន​រំឭក​យើង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី “ស្វែង​រក និង​សង្រ្គោះ​មនុស្ស​បាត់​បង់” ដោយ​ប្រទាន​ការ​រាប់​រក និង​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​(ខ.៩-១០)។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា គេ​មិន​រាប់​រក ឬ​ត្រូវ​បាន​រុញ​ច្រាន ឲ្យ​នៅ “ក្រោយ​ហ្វូង​មនុស្ស” តែ​ពេល​នោះ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​នៅ​តែ​អាច​រក​យើង​ឃើញ។​—Lisa M. Samra