ពេលដែលបដិវត្តន៍អាមេរិកបានបញ្ចប់ ដោយចក្រភពអង់គ្លេសព្រមចុះចាញ់ និងប្រគល់ឯករាជ្យឲ្យអាមេរិក មានអ្នកនយោបាយ និងអ្នកដឹកនាំកងទ័ពជាច្រើន បានព្យាយាមលើកលោកឧត្តមសេនីយចច វ៉ាស៊ីនតោន(George Washington) ឲ្យធ្វើជាស្តេចនៃប្រទេសថ្មីមួយនេះ។ ពិភពលោកកំពុងតែតាមដាន ដោយចង់ដឹងថា តើលោកឧត្តមសេនីយចច វ៉ាស៊ីនតោន(George Washington) នៅតែបន្តប្រកាន់យកគោលការណ៍នៃសិទ្ធិសេរីភាពឬទេ ពេលដែលគាត់អាចកាន់កាប់អំណាចផ្តាច់ការនៅពេលណាក៏បាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ ស្តេចចច ទី៣(George III) នៃចក្រភពអង់គ្លេសមានការយល់ឃើញខុសពីនេះ។ ទ្រង់ជឿថា បើលោកវាស៊ីនតោនប្រឆាំងការទាក់ទាញឲ្យឡើងកាន់អំណាច ហើយវិលត្រឡប់ទៅកសិដ្ឋានរបស់គាត់ នៅរដ្ឋវើជីនាវិញ គាត់ “នឹងក្លាយជាមនុស្សឧត្តុងឧត្តម្ភបំផុត ក្នុងពិភពលោក”។ ត្រង់ចំណុចនេះ ទ្រង់ជ្រាបថា ការប្រឆាំងនឹងការទាញ់ទាញឲ្យឡើងកាន់អំណាច គឺជាភស្តុតាងបញ្ជាក់ថា គាត់ជាមនុស្សដែលពិតជាគួរឲ្យគោរព និងមានតម្លៃ។
សាវ័កប៉ុលបានដឹងអំពីសេចក្តីពិតនេះ ហើយក៏បានលើកទឹកចិត្តយើងឲ្យដើរតាមព្រះគ្រីស្ទ ដោយការបន្ទាបខ្លួន។ ទោះព្រះយេស៊ូវ “មានលក្ខណៈជាព្រះទាំងស្រុង”ក៏ដោយ ទ្រង់មិនបានចាត់ទុកសេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ(ភីលីព ២:៦)។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អំណាចរបស់ព្រះអង្គ ដោយក្លាយជា “អ្នកបម្រើ” និង “បន្ទាបព្រះកាយ ដោយស្តាប់បង្គាប់ព្រះវរបិតា ដល់អស់ព្រះជន្ម”(ខ.៧-៨)។ ព្រះដែលមានគ្រប់អំណាចចេស្តា បានលះបង់អំណាចរបស់ព្រះអង្គទាំងអស់ ដោយសារព្រះអង្គស្រឡាញ់យើងរាល់គ្នា។
តែបន្ទាប់ពីព្រះគ្រីស្ទលះបង់ព្រះជន្ម ព្រះវរបិតាក៏បានលើកដំកើងព្រះអង្គ ពីភាពជាអ្នកទោសនៅលើឈើឆ្កាង “ទៅកន្លែងដែលខ្ពស់បំផុត”(ខ.៩)។ ព្រះយេស៊ូវអាចទាមទាការសរសើរ និងអាចបង្ខំយើងឲ្យស្តាប់បង្គាប់ទ្រង់ តែព្រះអង្គបានលះបង់អំណាចរបស់ព្រះអង្គ តាមរបៀបដែលគួរឲ្យកោតសរសើរបំផុត ដែលសមនឹងឲ្យយើងថ្វាយបង្គំ និងមានភាពស្ម័គ្រស្មោះចំពោះព្រះអង្គ។ តាមរយៈការបន្ទាបខ្លួនឲ្យទាបបំផុត ព្រះយេស៊ូវបានបង្ហាញចេញនូវភាពធំប្រសើរដ៏ពិត ដែលនាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់ពិភពលោក។—Winn Collier