មាន​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​អាល់ឌី(Aldi) កំពុង​តែ​ធ្វើ​ការ​នេសាទ​ម្នាក់​ឯង នៅ​លើ​ខ្ទម​បណ្តែត​ទឹក​មួយ ដែល​បាន​​បោះ​យុថ្កា នៅ​ចម្ងាយ​ប្រហែល ១២៥​គីឡូ​ម៉ែត្រ ពី​កោះ​ស៊ូឡាវេស៊ី របស់​ប្រទេស​ឥណ្ឌូ​នេស៊ី។ កម្លាំង​ខ្យល់​បក់​បោក​ខ្លាំង បាន​រុញច្រាន​ខ្ទម​នោះ​ចេញ​ទៅ​ក្នុង​សមុទ្រ យ៉ាងឆ្ងាយ។ អាល់ឌី(Aldi) ក៏​បាន​រសាត់​ចុះ​ឡើង នៅ​ក្នុង​មហា​សមុទ្រ អស់​រយៈ​ពេល៤៩​ថ្ងៃ។ រៀង​រាល់​ពេល​គាត់​ឃើញ​នាវាធ្វើ​ដំណើរ​ពី​ចម្ងាយ គាត់​ក៏​បាន​បើក​ភ្លើង​ចង្កៀង​របស់​គាត់ ដើម្បី​ឲ្យ​ពួក​នាវិក​ឃើញ​គាត់។ គាត់​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​នាវា​ទាំង​នោះ​មិន​បាន​ឃើញ​គាត់។ មាន​នាវា​ប្រហែល​១០​គ្រឿងបាន​បើក​ហួស​ទៅ​បាត់ ទំរាំ​តែ​មាន​គេ​ឃើញ និង​ជួយ​សង្រ្គោះ​គាត់។​

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​កាន់ “អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់”(លូកា ១០:២៥) អំពី​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ការ​សង្រ្គោះ។ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សង្ឃ និង​ម្នាក់​ជា​ពួក​លេវី បាន​ឃើញ​បុរស​ដែល​មាន​របួស​នោះ ដេក​ដួល​នៅ​លើ​ផ្លូវ ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ។ ប៉ុន្តែ ពួក​គេ​មិន​បាន​ឈប់ ដើម្បី​ជួយ​គាត់​ទេ ហើយ​ក៏​បាន​ដើរ​វាង​ទៅ​ម្ខាង​(ខ.៣១-៣២)។ ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​ថា ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច​នេះ​ទេ។​ តែ​អ្នក​ទាំង​ពីរ​ជា​អ្នក​កាន់​សាសនា ហើយ​គួរ​តែ​ធ្លាប់​ស្គាល់​ក្រឹត្យ​វិន័យ​របស់​ព្រះ ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​ខ្លួន​(លេវីវិន័យ ១៩:១៧-១៨)។ ពួក​គេ​ប្រហែល​ជា​ខ្លាច​គ្រោះ​ថ្នាក់ បាន​ជា​ពួក​គេ​មិន​ហ៊ាន​ជួយ​គាត់ ឬ​ប្រហែល​ជា​មិន​ចង់​បំពាន​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា ដែល​បាន​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​សាក​សព ដែល​នាំ​ឲ្យ​ពួក​គេ​មិន​អាច​ធ្វើ​ការ​ក្នុង​ព្រះ​វិហារ​បាន។ ផ្ទុយ​ទៅ​វិញ មាន​សាសន៍​សាម៉ារី​ម្នាក់ ដែល​ពួក​យូដា​ស្អប់​ខ្ពើម បាន​ជួយ​សង្រ្គោះ​គាត់។ គាត់​បាន​ឃើញ​បុរស​នោះ ត្រូវ​ការ​ជំនួយ ហើយ​ក៏​បាន​ជួយ​យក​អាសារ​គាត់ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។​

ព្រះ​យេស៊ូវក៏​បាន​មាន​បន្ទូល​សរុប​ការ​បង្រៀន អំពី​រឿង​នេះ ដោយ​បង្គាប់​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ “ប្រព្រឹត្ត​បែប​ដូច្នោះ​ដែរ”(លូកា ១០:៣៧)។ សូម​ព្រះ​ជា​ម្ចាស់​ជួយ​យើង ឲ្យ​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ជួយ​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់​។—Poh Fang Chia