ភាគច្រើននៃមិត្តរួមការងាររបស់លោកម៉ៃ(Mike) មានការយល់ដឹងតិចតួចណាស់ អំពីជំនឿលើព្រះគ្រីស្ទ ហើយពួកគេក៏ហាក់ដូចជាមិនយកចិត្តទុកដាក់ដែរ។ ប៉ុន្តែ គាត់ដឹងថា លោកម៉ៃយកចិត្តទុកដាក់ ចំពោះជំនឿរបស់ខ្លួន។ ថ្ងៃមួយ ពេលដែលរដូវកាលនៃពិធីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញជិតមកដល់ មានមនុស្សម្នាក់បាននិយាយថា ពួកគេឮថា ពិធីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មិនមានជាប់ទាក់ទងអ្វី នឹងបុណ្យរំលងទេ ហើយក៏ឆ្ងល់ផងដែរថា ពិធីបុណ្យទាំងពីរនេះមានទំនាក់ទំនងអ្វីនឹងគ្នា។ គេក៏បានសួរគាត់ថា “អេហ៍ ម៉ៃ! អ្នកដឹងអំពីរឿងរបស់ព្រះច្រើន។ តើគេធ្វើពិធីបុណ្យរំលងដើម្បីអ្វី?”
ដូចនេះ លោកម៉ៃក៏បានពន្យល់ប្រាប់គេ អំពីការដែលព្រះជាម្ចាស់បាននាំរាស្រ្តអ៊ីស្រាអែលចេញពីភាពជាទាសករ នៅនគរអេស៊ីព្ទ។ គាត់ក៏បានប្រាប់ពួកគេ អំពីគ្រោះកាចទំាង១០ ដែលរួមមានការស្លាប់កូនច្បងរបស់គ្រួសារនីមួយៗរបស់ជនជាតិអេស៊ីព្ទ។ គាត់ក៏បានពន្យល់ថា កាលនោះ ទេវតាបាន “រំលង” ផ្ទះដែលមានឈាមសត្វចៀមប្រឡាក់នៅលើក្របទ្វារ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីការដែលព្រះយេស៊ូវបានជាប់ឆ្កាង ក្នុងរដូវកាលនៃបុណ្យរំលង ក្នុងនាមជាកូនចៀមសម្រាប់យញ្ញបូជា ដែលត្រូវសុគតដើម្បីលោះបានមនុស្សម្តងជាសម្រេច។ ភ្លាមៗនោះ លោកម៉ៃក៏បានដឹងថា តាមពិត គាត់កំពុងតែធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដល់មិត្តរួមការងារគាត់ដោយមិនដឹងខ្លួន។
សាវ័កពេត្រុសក៏ធ្លាប់បានបង្រៀនពួកជំនុំសម័យដើម ដែលកំពុងរស់នៅក្នុងវប្បធម៌ដែលមិនស្គាល់ព្រះ។ គាត់ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
យើងក៏អាចធ្វើបន្ទាល់ផងដែរ។ ដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងអាចពន្យល់ប្រាប់គេ តាមរបៀបដ៏សាមញ្ញ អំពីអ្វីដែលសំខាន់បំផុត ក្នុងជីវិត គឺអំពីរឿងរបស់ព្រះ។—Tim Gustafson