ភាគ​ច្រើន​នៃ​មិត្ត​រួម​ការងារ​របស់​លោក​ម៉ៃ(Mike) មាន​ការ​យល់​ដឹង​តិច​តួច​ណាស់ អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​ក៏ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ដែរ។ ប៉ុន្តែ គាត់​ដឹង​ថា លោក​ម៉ៃ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ជំនឿ​របស់​ខ្លួន។ ថ្ងៃ​មួយ ពេលដែល​រដូវ​កាល​នៃពិ​ធី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជិត​មក​ដល់ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ថា ពួក​គេ​ឮ​ថា ពិធីព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​មាន​ជាប់​ទាក់​ទង​អ្វី នឹង​បុណ្យ​រំលង​ទេ ហើយ​ក៏​ឆ្ងល់​ផង​ដែរ​ថា ពិធី​បុណ្យ​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា។ គេ​ក៏​បាន​សួរ​គាត់​ថា ​“អេហ៍ ម៉ៃ! អ្នក​ដឹង​អំពី​រឿង​របស់​ព្រះ​ច្រើន។ តើ​គេ​ធ្វើ​ពិធី​បុណ្យ​រំលង​ដើម្បី​អ្វី?”​

ដូចនេះ លោក​ម៉ៃក៏​បាន​ពន្យល់​ប្រាប់​គេ អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​នាំ​រាស្រ្ត​អ៊ីស្រាអែល​ចេញ​ពី​ភាព​ជា​ទាសករ នៅ​នគរ​អេស៊ីព្ទ។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ អំពី​គ្រោះ​កាច​ទំាង​១០ ដែល​រួម​មាន​ការ​ស្លាប់​​កូន​ច្បង​របស់​គ្រួសារ​នីមួយ​ៗរបស់​ជន​ជាតិ​អេស៊ីព្ទ។​ គាត់​ក៏​បាន​ពន្យល់​ថា កាល​នោះ ទេវតា​បាន “រំលង” ផ្ទះ​ដែល​មាន​ឈាម​សត្វ​ចៀម​ប្រឡាក់​នៅលើ​ក្រប​ទ្វារ។ បន្ទាប់​មក គាត់​ក៏​បាន​ចែក​ចាយ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ជាប់​ឆ្កាង ក្នុង​រដូវ​កាល​នៃ​បុណ្យ​រំលង ក្នុង​នាម​ជា​កូន​ចៀម​សម្រាប់​យញ្ញ​បូជា ដែល​ត្រូវ​សុគត​ដើម្បី​លោះ​បាន​មនុស្ស​ម្តង​ជា​សម្រេច។​ ភ្លាម​ៗ​នោះ លោក​ម៉ៃ​ក៏​បានដឹង​ថា​ តាម​ពិត គាត់​កំពុង​តែ​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ ដល់​មិត្ត​រួម​ការ​ងារ​គាត់​ដោយ​មិន​ដឹង​ខ្លួន​។​

សាវ័ក​ពេត្រុស​ក៏​ធ្លាប់​បាន​បង្រៀន​ពួក​ជំនុំ​សម័យ​ដើម ដែល​កំពុង​រស់​នៅ​ក្នុង​វប្ប​ធម៌​ដែល​មិន​ស្គាល់​ព្រះ។ គាត់​ថា “ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

យើង​ក៏​អាច​ធ្វើ​បន្ទាល់​ផង​ដែរ។ ដោយ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​ពន្យល់​ប្រាប់​គេ តាម​របៀប​ដ៏​សាមញ្ញ អំពី​អ្វី​ដែល​សំខាន់​បំផុត ក្នុង​ជីវិត គឺ​អំពី​រឿង​របស់​ព្រះ។—Tim Gustafson