មាន​ពេល​មួយ មាន​គេ​ទូរស័ព្ទ​មក​លោក​គ្រូ​គង្វាល សាំយ៉ូអែល បាហ្កាហ្កា(Samuel Baggaga) នៅ​ពេល​ពាក់​កណ្តាលអាធ្រាត្រ ដើម្បី​សុំ​ឲ្យ​គាត់​ទៅ​ផ្ទះ​របស់​សមាជិក​ព្រះ​វិហារ​ម្នាក់។ ពេល​គាត់​ទៅ​ដល់ គាត់​បាន​ឃើញ​ផ្ទះ​នោះ​កំពុង​តែ​ត្រូវ​ភ្លើង​លេប​ត្របាក់។ បុរស​ជា​ឪពុក​បាន​រលាក​ភ្លើង តែ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ដើម្បី​ជួយ​សង្រ្គោះ​កូន​របស់​គាត់ ហើយ​ក៏​បាន​ចេញ​មក​ក្រៅ​វិញ ដោយ​មាន​កូន​ស្រី​ម្នាក់​ដែល​បាន​សន្លប់​បាត់​ស្មារតី។ នៅ​ក្នុង​តំបន់​ដាច់​ស្រយ៉ាល នៅប្រទេស​យូហ្កាន់ដា មន្ទីរ​ពេទ្យ ស្ថិត​នៅ​ចម្ងាយ​១០​គីឡូ​ម៉ែត្រ។ ដោយ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ លោក​គ្រូ​គង្វាល និងបុរស​ជា​ឪពុក​ក៏​បាន​ចាប់​ផ្តើម​នាំ​គ្នា​ពរ​កូន​ស្រី​គាត់ រត់​ទៅ​រក​មន្ទីរ​ពេទ្យ។ ពួក​គេ​បាន​ពរ​ក្មេង​ដែល​របួស​ម្តង​ម្នាក់ ពេល​ដែលពួក​គេ​ចុក​រោយ​ដៃ។ ពួក​គេ​ក៏​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទំាង​អស់​គ្នា។ បុរស​ជា​ឪពុក និង​កូន​ស្រី​គាត់​ក៏​បាន​ទទួល​ការ​ព្យាល​បាល រហូត​ដល់​ជា​សៈស្បើយ។​

ក្នុង​បទ​គម្ពីរ​និក្ខមនំ ១៧:៨-១៣ ព្រះ​អម្ចាស់​រៀប​ចំ ឲ្យ​ពួក​អ៊ីស្រាអែល​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ ដោយ​ឲ្យ​លោក​យ៉ូស្វេ​ដឹក​នាំ​ពួក​ប្រុស​ៗ​ប្រយុទ្ធ​នៅ​សមរ​ភូមិ ហើយ​ទ្រង់​បាន​តម្រូវ​ឲ្យ​លោក​ម៉ូសេ​កាន់​ដំបង​របស់​ព្រះ លើក​ឡើង​ទៅ​លើ ដោយ​មិន​ដាក់​ចុះ​វិញ ទាល់​តែ​សង្រ្គាម​ចប់។ ពេល​ដែល​ដៃ​របស់​លោក​ម៉ូសេ​ចុក​រោយ លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​បាន​មក​ជួយ​ទ្រដៃ​របស់​គាត់ ដរាប​ដល់​ថ្ងៃ​លិច ហើយ​ពួក​សត្រូវ​ក៏​បាន​ទទួល​បរាជ័យ។​

ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ជា​មាន​តម្លៃ​ណាស់ បាន​ជា​យើង​មិន​អាច​មើល​ស្រាល​នោះ​ឡើយ។ ព្រះ​ជា​ម្ចាស់​សព្វព្រះ​ទ័យ​ឲ្យ​មនុស្ស​ធ្វើ​ជា​តំណាង​របស់​ព្រះ​អង្គ នៅ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ចែក​រំលែក​ទុក្ខ​លំបាក និង​ជួយយក​អសារ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​កម្សាន្ត​ចិត្ត និង​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​ យើង​អាច​ទទួល​ជោគ​ជ័យ​ទាំងអស់​គ្នា ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ!—Arthur Jackson