កាល​លោក​ធីធ័រ វេលឆ៍(Peter Welch) នៅ​ក្មេង ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ការ​ប្រើ​ឧបករណ៍​រាវ​រក​លោហៈ​ធាតុ គឺ​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ។​ ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក គាត់​បាន​ដឹក​នាំ​មនុស្ស​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​រាវ​រក​លោហៈ​ធាតុ។ ពួក​គេ​បាន​រក​ឃើញ​វត្ថុ​រាប់​ពាន់ ដែល​មាន​ដូច​ជា​ដាវ គ្រឿង​អលង្កា​បុរាណ និងកាក់​ជា​ដើម។ ពួក​គេ​បាន​ស្វែង​រក​គំរូ នៅ​ក្នុង​ទីវាល​នៃ​កសិដ្ឋាន ក្នុង​ចក្រ​ភព​អង់​គ្លេស ដោយ​ប្រើ​កម្ម​វិថី “ហ្គុកហ្គល អឺស” ដែល​ជា​កម្មវិធី​កំព្យូទ័រ ​ផ្អែក​ទៅ​លើ​រូប​ភាព​ថត​ពី​ផ្កាយ​រណប។ ពួក​គេ​ក៏​បាន​រក​ឃើញ​ទីតាំង​របស់​ផ្លូវ​ថ្នល់​ អាគារ និង​សំណង់​ដទៃ​ទៀត ដែល​អាច​មាន​វត្ត​មាន​កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ លោក​ភីធ័រ​ក៏​បាន​និយាយ​ថា “រូប​ភាព​ដែល​ថត​បានពី​លើ​មេឃ បាន​ជួយ​ឲ្យ​យើង​រក​ឃើញ​អ្វី​ៗ​ជាច្រើន តាម​វិធី​សាស្រ្ត​រុក​រក​ដ៏​ថ្មី​ស្រឡាង​មួយ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រាស្រ្ត​របស់​ព្រះ នៅ​សម័យ​ហោរា​អេសាយ។ កាល​នោះ ពួក​គេ​ត្រូវ​ការ “ទស្សនៈ​មក​ពីស្ថាន​លើ”។ ពួក​គេ​មាន​មោទន​ភាព ដែល​បាន​ធ្វើ​ជា​រាស្រ្ត​របស់​ព្រះ​អង្គ តែ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ ហើយ​មិនព្រម​លះ​បង់​ចោល​រូប​ព្រះដែល​ពួក​គេ​កំពុង​ថ្វាយ​បង្គំ។ តែ​ព្រះ​ជា​ម្ចាស់​មាន​ទស្សនៈ​ផ្សេង​ពី​នេះ។ ទោះ​ពួក​គេ​មាន​ការ​បះ​បោរ​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​សង្រ្គោះ​ពួក​គេ​ឲ្យ​រួច​ពី​ភាព​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន។ តើ​ហេតុ​អ្វី? ព្រះ​អង្គ​មានបន្ទូល​ប្រាប់​ពួក​គេ​ថា “ដោយ​យល់​ដល់​ខ្លួន​អញ … សិរីល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ”(អេសាយ ៤៨:១១)។ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ទស្សនៈ​របស់​ព្រះ​អង្គ​ពី​ស្ថាន​លើ​មក ឲ្យ​យើង​បាន​ដឹង​ថា យើង​ត្រូវ​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ និង​បំពេញ​គោល​បំណង​របស់​ព្រះ​អង្គ គឺ​មិន​មែន​ដើម្បី​ខ្លួន​យើង​នោះ​ឡើយ។​ យើង​ត្រូវ​ផ្តោត​ទៅ​លើ​ព្រះ​អង្គ និងផែន​ការ​របស់​ព្រះ​អង្គ ហើយ​ផ្តោត​ទៅ​លើ​ការ​នាំ​អ្នក​ដទៃ​ឲ្យ​សរសើរ​ដំកើង​ព្រះ​អង្គ​ផង​ដែរ។​

កាល​ណា​យើង​មាន​ទស្សនៈ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​នឹង​ទទួល​បាន​នូវ​ព្រះ​ពរ​ថ្មី​ៗ​ជា​ច្រើន។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​ជ្រាប​ថា យើង​នឹង​មាន​ការ​យល់​ដឹង​អ្វី​ខ្លះ អំពី​ព្រះ​អង្គ និង​រក​ឃើញ​អ្វី​ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង។ ព្រះ​ជា​ម្ចាស់នឹង​បង្រៀន​យើង អំពី​អ្វី​ដែល​ល្អ​សម្រាប់​យើង និង​ដឹក​នាំ​យើង ទៅ​តាម​ផ្លូវ ដែល​យើង​គួរ​តែ​ដើរ​តាម​(ខ.១៧)។—Anne Cetas