មានពេលមួយ មានគេទូរស័ព្ទមកលោកគ្រូគង្វាល សាំយ៉ូអែល បាហ្កាហ្កា(Samuel Baggaga) នៅពេលពាក់កណ្តាលអាធ្រាត្រ ដើម្បីសុំឲ្យគាត់ទៅផ្ទះរបស់សមាជិកព្រះវិហារម្នាក់។ ពេលគាត់ទៅដល់ គាត់បានឃើញផ្ទះនោះកំពុងតែត្រូវភ្លើងលេបត្របាក់។ បុរសជាឪពុកបានរលាកភ្លើង តែបានចូលទៅក្នុងផ្ទះនោះម្តងទៀត ដើម្បីជួយសង្រ្គោះកូនរបស់គាត់ ហើយក៏បានចេញមកក្រៅវិញ ដោយមានកូនស្រីម្នាក់ដែលបានសន្លប់បាត់ស្មារតី។ នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅប្រទេសយូហ្កាន់ដា មន្ទីរពេទ្យ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រ។ ដោយគ្មានមធ្យោបាយធ្វើដំណើរ លោកគ្រូគង្វាល និងបុរសជាឪពុកក៏បានចាប់ផ្តើមនាំគ្នាពរកូនស្រីគាត់ រត់ទៅរកមន្ទីរពេទ្យ។ ពួកគេបានពរក្មេងដែលរបួសម្តងម្នាក់ ពេលដែលពួកគេចុករោយដៃ។ ពួកគេក៏បានទៅដល់មន្ទីរពេទ្យទំាងអស់គ្នា។ បុរសជាឪពុក និងកូនស្រីគាត់ក៏បានទទួលការព្យាលបាល រហូតដល់ជាសៈស្បើយ។
ក្នុងបទគម្ពីរនិក្ខមនំ ១៧:៨-១៣ ព្រះអម្ចាស់រៀបចំ ឲ្យពួកអ៊ីស្រាអែលទទួលជ័យជម្នះដ៏អស្ចារ្យ ដោយឲ្យលោកយ៉ូស្វេដឹកនាំពួកប្រុសៗប្រយុទ្ធនៅសមរភូមិ ហើយទ្រង់បានតម្រូវឲ្យលោកម៉ូសេកាន់ដំបងរបស់ព្រះ លើកឡើងទៅលើ ដោយមិនដាក់ចុះវិញ ទាល់តែសង្រ្គាមចប់។ ពេលដែលដៃរបស់លោកម៉ូសេចុករោយ លោកអើរ៉ុន និងលោកហ៊ើរក៏បានមកជួយទ្រដៃរបស់គាត់ ដរាបដល់ថ្ងៃលិច ហើយពួកសត្រូវក៏បានទទួលបរាជ័យ។
ការពឹងផ្អែកគ្នាទៅវិញទៅមកពិតជាមានតម្លៃណាស់ បានជាយើងមិនអាចមើលស្រាលនោះឡើយ។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យមនុស្សធ្វើជាតំណាងរបស់ព្រះអង្គ នៅក្នុងការជួយគ្នាទៅវិញទៅមក។ យើងចែករំលែកទុក្ខលំបាក និងជួយយកអសារគ្នាទៅវិញទៅមក ព្រមទាំងកម្សាន្តចិត្ត និងកែតម្រង់គ្នាទៅវិញទៅមកផងដែរ។ យើងអាចទទួលជោគជ័យទាំងអស់គ្នា ហើយថ្វាយសិរីល្អដល់ព្រះ!—Arthur Jackson