ពេលដែលលោកចន(John) ដែលជាម្ចាស់ផ្ទះបនធំជាងគេនៅទីក្រុងឡុងដ៍ ត្រូវបានគេចាប់ដាក់គុក គាត់យល់ច្រឡំថា ខ្លួនគាត់ជាមនុស្សល្អ។ ក្នុងអំឡុងពេលគាត់ជាប់ពន្ធនាគា គាត់បានសម្រេចចិត្តចូលរួមការសិក្សាព្រះគម្ពីរ ដើម្បីទទួលបាននូវនំខេក និងកាហ្វេ ប៉ុន្តែ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញអ្នកទោសដទៃទៀត ហាក់ដូចជាមានទឹកមុខរីករាយ។ គាត់ក៏បានចាប់ផ្តើមយំ នៅពេលដែលពួកគេច្រៀងបទចម្រៀងទី១ ហើយក្រោយមក គាត់ក៏ទទួលបានព្រះគម្ពីរមួយក្បាល។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានអានកណ្ឌគម្ពីរអេសេគាល ដែលបានចែងថា “កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលង ដែលខ្លួនបានប្រព្រឹត្តនោះ”(១៨:២៧-២៨)។ ព្រះបន្ទូលព្រះបានប៉ះពាល់ចិត្តគាត់ ធ្វើឲ្យគាត់ដឹងថា គាត់មិនមែនជាមនុស្សល្អទេ… គាត់ជាមនុស្សអាក្រក់ ដែលត្រូវការការប្រែចិត្ត។ ពេលដែលគាត់បានអធិស្ឋានជាមួយលោកគ្រូគង្វាលហើយ គាត់ក៏បាននិយាយថា គាត់បានរកឃើញព្រះយេស៊ូវ ហើយព្រះអង្គបានកែប្រែជីវិតគាត់។
បទគម្ពីរខាងលើនេះ គឺជាពាក្យដែលបានថ្លែងទៅកាន់រាស្រ្តរបស់ព្រះ ពេលដែលពួកគេក្នុងស្ថិតនៅក្នុងការនិរទេស។ ទោះពួកគេបានងាកចេញពីព្រះហើយក៏ដោយ ក៏ព្រះអង្គនៅតែសព្វព្រះទ័យឲ្យពួកគេបោះបង់ចោលអំពើរំលងទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្តនោះ ហើយផ្លាស់ប្រែ “ឲ្យមានចិត្ត និងវិញ្ញាណថ្មី”(ខ.៣១)។ ខគម្ពីរនេះបានជួយឲ្យលោកចន “ប្រែចិត្ត និងរស់នៅថ្វាយព្រះ”(ខ.៣២) ដោយដើរតាមព្រះយេស៊ូវ ដែលជាព្រះ បានត្រាស់ហៅមនុស្សមានបាប ឲ្យប្រែចិត្ត(លូកា ៥:៣២)។
ចូរយើងឆ្លើយតប ពេលដែលព្រះវិញ្ញាណបណ្តាលចិត្តយើងឲ្យផ្លាស់ប្រែចិត្ត ដើម្បីឲ្យយើងអាចអរសប្បាយនឹងការអត់ទោសបាប និងសេរីភាពរួចពីអំពើបាបផងដែរ។—Amy Boucher Pye