ពេល​ដែល​លោក​ចន(John) ដែល​ជា​ម្ចាស់​ផ្ទះ​បន​ធំ​ជាង​គេ​នៅ​ទីក្រុង​ឡុងដ៍ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក គាត់​យល់​ច្រឡំ​ថា ខ្លួន​គាត់​ជា​មនុស្ស​ល្អ។ ក្នុង​អំឡុង​ពេល​គាត់​ជាប់​ពន្ធនា​គា គាត់​បាន​សម្រេច​ចិត្ត​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ ដើម្បី​ទទួលបាន​នូវ​នំខេក និង​កាហ្វេ ប៉ុន្តែ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​បាន​ឃើញ​អ្នក​ទោស​ដទៃ​ទៀត ហាក់​ដូច​ជា​មានទឹក​មុខ​រីក​រាយ។ គាត់​ក៏​បាន​ចាប់​ផ្តើម​យំ នៅ​ពេល​ដែល​ពួក​គេ​ច្រៀង​បទ​ចម្រៀង​ទី​១ ហើយ​ក្រោយ​មក គាត់​ក៏​ទទួល​បានព្រះ​គម្ពីរ​មួយ​ក្បាល។​ គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​អាន​កណ្ឌ​គម្ពីរ​អេសេគាល ដែល​បាន​ចែង​ថា “កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ គឺ​នឹង​រស់​នៅ​ជា​ពិត ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារណា​ហើយ​បែរ​ចេញ​ពី​អំពើ​រំលង ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ”(១៨:២៧-២៨)។  ព្រះ​បន្ទូល​ព្រះ​បាន​ប៉ះ​ពាល់​ចិត្ត​គាត់ ធ្វើ​ឲ្យ​គាត់​ដឹង​ថា គាត់​មិនមែន​ជា​មនុស្ស​ល្អ​ទេ… គាត់​ជា​មនុស្ស​អាក្រក់ ដែល​ត្រូវ​ការ​ការ​ប្រែ​ចិត្ត។ ពេល​ដែល​គាត់​បាន​អធិស្ឋាន​ជា​មួយ​លោក​គ្រូគង្វាល​ហើយ គាត់​ក៏​បាន​និយាយ​ថា គាត់​បាន​រក​ឃើញ​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​បាន​កែ​ប្រែ​ជីវិត​គាត់។

បទ​គម្ពីរ​ខាង​លើ​នេះ គឺ​ជា​ពាក្យ​ដែល​បាន​ថ្លែង​ទៅ​កាន់​រាស្រ្ត​របស់​ព្រះ ពេល​ដែល​ពួក​គេ​ក្នុង​ស្ថិត​នៅ​ក្នុង​ការ​និរទេស។ ទោះ​ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះ​ហើយ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​បោះបង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ ហើយ​ផ្លាស់​ប្រែ “​ឲ្យ​មាន​ចិត្ត និង​វិញ្ញាណ​ថ្មី”(ខ.៣១)។ ខគម្ពីរ​នេះ​បាន​ជួយ​ឲ្យ​លោក​ចន “ប្រែ​ចិត្ត និង​រស់​នៅ​ថ្វាយ​ព្រះ”(ខ.៣២) ដោយ​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ ​បាន​ត្រាស់​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​(លូកា ៥:៣២)។

ចូរ​យើង​ឆ្លើយ​តប ពេល​ដែល​ព្រះ​វិញ្ញាណ​បណ្តាល​ចិត្ត​យើង​ឲ្យ​ផ្លាស់​ប្រែ​ចិត្ត ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​ការ​អត់ទោស​បាប និង​សេរី​ភាព​រួច​ពី​អំពើ​បាប​ផង​ដែរ​។​—Amy Boucher Pye