មនុស្សបានពឹងផ្អែកលើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យតាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។
ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌគម្ពីរវិវរណៈថា ទីក្រុងយេរូសឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីមានពេញដោយអំណរ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ពេលដែលបានរស់នៅក្នុងពន្លឺកូនចៀមនៃព្រះ!-Dennis Fisher