លោក​ស៊ែម(Sam) បាន​ពិនិត្យ​មើល​គណនី​ប្រាក់​ចូល​និវត្តន៍​របស់​គាត់ ក្នុង​មួយ​ថ្ងៃ​ពីរ​ដង។ គាត់​បាន​សន្សំ​ប្រាក់​ចូលនិវត្តន៍​អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ ហើយ​ដោយ​សារ​ផ្សារ​ហ៊ុន​មាន​ការ​កើន​ឡើង។ ទី​បំផុត គាត់​មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ចូល​និវត្តន៍។ ប៉ុន្តែ គាត់​ក៏​ខ្លាច​ផ្សារ​ហ៊ុន​ធ្លាក់​ចុះ​វិញ​ផង​ដែរ។ ការ​ភ័យ​ខ្លាច​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បារម្ភ​ អំពី​ប្រាក់​ដែល​គាត់​មានក្នុង​កុង​ធនាគារ​របស់​គាត់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំ​ពី​ហោរា​យេរេមា ដែល​ព្រមាន​ប្រជាជន​យូដា​ថា “ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូសាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះបាល​ផង”(១១:១៣)។

ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​ពួក​យូដា គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ដឹង​ថា ព្រះ​ជា​ម្ចាស់ គឺ​ជា​ព្រះ។ ហេតុ​អ្វី​បានជា​ពួក​គេ​នៅ​តែ​ថ្វាយ​បង្គំ​ព្រះ​ដទៃ? កាល​នោះ ពួក​គេ​កំពុង​តែ​ចាក់​ខ្សែ ឬ​ខ្លួន​មួយ​ជិះ​ទូក​ពីរ។ ពួក​គេ​ដឹង​ថា ពួក​គេ​ត្រូវការ​ព្រះ​អម្ចាស់​ជួយ​ពួក​គេ បន្ទាប់ពី​ពួក​គេ​ស្លាប់ទៅ ព្រោះ​មាន​តែ​ព្រះ​ពិត​ទេ ដែល​អាច​ប្រោស​ពួក​គេ​ឲ្យ​រស់​ពី​ស្លាប់ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​ពេល​នោះ ពួក​គេ​ថ្វាយ​បង្គំ​រូប​ព្រះ? ព្រោះ​ព្រះ​របស់​សាសន៍​ដទៃ​បាន​សន្យា​ថា នឹង​ផ្តល់​ឲ្យ​នូវ​សុខភាព​ល្អ ទ្រព្យ​សម្បត្តិ និង​ភាព​ចម្រុង​ចម្រើន។​

តើ​អ្នក​ដឹង​ទេ​ថា យើង​ក៏​កំពុង​តែ​ជួប​ការ​ល្បួង​ឲ្យ​ថ្វាយ​បង្គំ​រូប​ព្រះ​ផង​ដែរ? វា​ជា​ការ​ល្អ​ហើយ ដែល​យើង​មាន​អំណោយ​ទាន ការ​អប់​រំ និង​លុយ​ច្រើន។ ប៉ុន្តែ បើ​មិន​ប្រយ័ត្ន​ទេ យើង​នឹង​ងាក​មក​ទុក​ចិត្ត​លើ​ពួក​វា ជា​ជាង​ទុក​ចិត្ត​ព្រះ។​ យើង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ នៅពេល​យើងស្លាប់ទៅ ហើយ​យើង​ក៏​សូម​ព្រះ​អង្គ​ឲ្យ​ប្រទាន​ពរ​យើង ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ប៉ុន្តែ បើ​យើង​ពឹង​ផ្អែក និង​ទុក​ចិត្ត​លើ​របស់​ទំាង​នោះ ​ខ្លាំង​ជាង​ទុក​ចិត្ត​ព្រះ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​បង្គំ​រូប​ព្រះ​ហើយ។​

តើ​អ្នក​ទុក​ចិត្ត​លើ​អ្វី? រូប​ព្រះ​សម្រាប់​ដោះ​ទាល់ ក៏​ជា​រូប​ព្រះ ដែល​ព្រះ​ជា​ម្ចាស់​បាន​ហាម​ឃាត់។ ចូរ​អរ​ព្រះ​គុណ​ព្រះ​អង្គសម្រាប់​អំណោយ​ជា​ច្រើន​ដែល​ព្រះ​អង្គ​ប្រទាន ហើយ​ទូល​ព្រះ​អង្គ​ថា អ្នក​មិន​ពឹង​ផ្អែក​លើ​របស់​ទំាង​នោះ​ឡើយ។ អ្នក​ត្រូវ​ដាក់​ជំនឿ​លើ​ព្រះ​អង្គ​ទាំង​ស្រុង។​—Mike Wittmer