ដើម្បីភ្ជួរដីឲ្យត្រូវជួរ កសិករចាំបាច់ត្រូវបើកត្រាក់ទ័រ ដោយមើលទៅមុខឲ្យត្រូវទិសដៅ ហើយកាន់ចង្កូតឲ្យនឹង។ ប៉ុន្តែ សូម្បីតែអ្នកដែលមានភ្នែកភ្លឺល្អបំផុត ក៏នៅតែភ្ជួរខុសជួរ ហើយសូម្បីតែអ្នកដែលមានដៃរឹងមាំបំផុត ក៏នៅតែមានការចុករោយដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ នៅប្រទេសជឿនលឿន គេបានប្រើចង្កូតស្វ័យប្រវត្តិ ដែលជាបច្ចេកវិទ្យាផ្អែកទៅលើប្រព័ន្ធជីភីអេស ដែលអនុញ្ញាតឲ្យត្រាក់ទ័រភ្ជូរដី ដាំដំណាំ ប្រមូលផល និងបាញ់ថ្នាំ ឬជី ត្រូវជួរល្អ។ វិធីសាស្រ្តនេះគឺពិតជាមានប្រសិទ្ធភាពណាស់ ដោយកសិករមិនចាំបាច់កាន់ចង្កូតឡើយ។ សូមស្រមៃថា អ្នកកំពុងតែអង្គុយនៅលើត្រាក់ទ័រធំមួយគ្រឿង ដែលកំពុងតែភ្ជួរដី ដោយអ្នកមិនចាំបាច់ត្រូវកាន់ចង្កួត តែបែរជាអាចកាន់នំប៉័ងសាំងវិចសាច់គោញាំយ៉ាងឆ្ងាញ់ពិសារ។ ព្រោះឧបករណ៍ដ៏អស្ចារ្យនេះបានធ្វើឲ្យត្រាក់ទ័ររបស់អ្នកបើកត្រង់ទៅមុខ ត្រូវតាមគន្លង ដោយមិនពិបាកទប់ចង្កូត។
អ្នកប្រហែលជានៅចាំព្រះនាមរបស់ស្តេចយ៉ូសៀស។ ទ្រង់បានឡើងសោយរាជ្យជាស្តេច ក្នុងព្រះជន្ម “៨ឆ្នាំ”(២ពង្សាវតាក្សត្រ ២២:១)។ ប៉ុន្មានឆ្នាំក្រោយមក ពេលទ្រង់មានព្រះជន្មប្រហែល២៥ឆ្នាំ លោកហ៊ីលគីយ៉ាដែលជាសម្តេចសង្ឃក៏បានរកឃើញ “គម្ពីរក្រឹត្យវិន័យ” ក្នុងព្រះវិហារ(ខ.៨)។ បន្ទាប់មក គេក៏បានអានគម្ពីរនោះឲ្យស្តេចវ័យក្មេងអង្គនេះស្តាប់។ ទ្រង់ក៏បានហែកព្រះពស្ត្រទ្រង់ ដោយការសោកសង្រេង ចំពោះការដែលពួកឰយុកោរបស់ទ្រង់មិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ស្តេចយ៉ូសៀសក៏បានប្រព្រឹត្តអំពើដ៏ “ត្រឹមត្រូវ នៅចំពោះព្រះនេត្រព្រះអម្ចាស់”(ខ.២)។ គម្ពីរក្រឹត្យវិន័យនោះក៏បានក្លាយជាឧបករណ៍សម្រាប់ដឹកនាំរាស្រ្តរបស់ព្រះ ដើម្បីកុំឲ្យពួកគេរេរាម្តងទៅឆ្វេង ម្តងទៅស្តាំនោះឡើយ។ ការបង្រៀនរបស់ព្រះអម្ចាស់ ក្នុងព្រះគម្ពីរនោះបានតម្រង់ផ្លូវរបស់ពួកគេ។
ការអនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំជីវិតយើង ជារៀងរាល់ថ្ងៃ ជួយឲ្យជីវិតយើងរស់នៅស្របតាមការស្គាល់ព្រះជាម្ចាស់ និងស្របតាមព្រះទ័យទ្រង់។ ព្រះគម្ពីរប៊ីបជាឧបករណ៍ដ៏អស្ចារ្យ ដែលជួយឲ្យយើងបោះជំហានត្រង់ទៅមុខ តាមផ្លូវព្រះ ដរាបណាយើងដើរតាមព្រះបន្ទូលព្រះអង្គ ដែលមានចែងខាងក្នុងព្រះគម្ពីរ។—John Blasé