លោកថូម៉ាស ហប់(Thomas Hobbes) ដែលជាទស្សនវិទូ នៅសតវត្សរ៍ទី១៧ បានសរសេរអត្ថបទដ៏ល្បីល្បាញថា តាមលក្ខណៈធម្មជាតិ ជីវិតរបស់មនុស្ស “មានភាពឯកោ ក្រីក្រ កាច ឃោឃៅ និងខ្លី”។ គាត់បានលើកឡើងថា សភាវគតិរបស់យើង មានទំនោរទៅរកការធ្វើសង្រ្គាម ដើម្បីគ្រង់គ្រងអ្នកដទៃ ដូចនេះ ការបង្កើតឲ្យមានរដ្ឋាភិបាល គឺជាមានភាពចាំបាច់ ដើម្បីអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្នាប់សង្គម។
នេះជាទស្សនៈអំពីភាពកម្សោយរបស់មនុស្ស ដែលបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ក្នុងបទគម្ពីរយ៉ូហាន ១០:៨ ព្រះអង្គបានមានបន្ទូលថា “អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ”។ តែយើងមិនត្រូវអស់សង្ឃឹមឡើយ ព្រោះព្រះអង្គបានមានបន្ទូលផងដែរថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(ខ.១០)។
បទគម្ពីរទំនុកដំកើង ជំពូក២៣ ក៏បានពិពណ៌នា អំពីលក្ខណៈនៃជីវិត ដែលព្រះជាអ្នកគង្វាលសព្វព្រះទ័យឲ្យយើងមាន។ ក្នុងព្រះអង្គ យើង “មិនខ្វះអ្វីឡើយ”(ខ.១) ហើយព្រះអង្គកែព្រលឹងយើងឡើងវិញ(ខ.៣)។ ព្រះអង្គដឹកនាំយើង តាមផ្លូវត្រឹមត្រូវ តាមព្រះទ័យដ៏គ្រប់លក្ខណ៍ ដើម្បីកុំឲ្យយើងមានការភ័យខ្លាច នៅពេលយើងជួបភាពងងឹត ព្រោះព្រះអង្គគង់នៅជាមួយយើង ដើម្បីកម្សាន្តចិត្តយើងជានិច្ច(ខ.៣-៤)។ ព្រះអង្គជួយឲ្យយើងមានជ័យជម្នះ នៅក្នុងទុក្ខលំបាក ហើយប្រទានព្រះពរហូរហៀរដល់យើង(ខ.៥)។ សេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នឹងនៅជាប់តាមយើងជារៀងរាល់ថ្ងៃ ហើយយើងមានឯកសិទ្ធិ ដែលមានព្រះវត្តមានព្រះអង្គគង់នៅជាមួយយើងជារៀងរហូត(ខ.៦)។
ចូរយើងឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះ ដ៏ជាអ្នកគង្វាល ហើយពិសោធន៍នឹងជីវិតពេញបរិបូរ ដែលព្រះអង្គបានយាងមក ដើម្បីប្រទានយើង។—Remi Oyedele