លោក​ថូម៉ាស ហប់(Thomas Hobbes) ដែល​ជា​ទស្សន​វិទូ នៅ​សតវត្សរ៍​ទី​១៧ បាន​សរសេរ​អត្ថ​បទ​ដ៏​ល្បី​ល្បាញ​ថា តាម​លក្ខណៈ​ធម្ម​ជាតិ ជីវិត​របស់​មនុស្ស “មាន​ភាព​ឯកោ ក្រីក្រ កាច ឃោឃៅ និងខ្លី”។ គាត់​បាន​លើក​ឡើង​ថា​ សភាវ​គតិរបស់​យើង មាន​ទំនោរ​ទៅ​រក​ការ​ធ្វើ​សង្រ្គាម ដើម្បី​គ្រង់​គ្រង​អ្នក​ដទៃ ដូច​នេះ ការ​បង្កើត​ឲ្យ​មាន​រដ្ឋា​ភិបាល គឺ​ជា​មាន​ភាពចាំ​បាច់ ដើម្បី​អនុវត្ត​ច្បាប់ និង​រក្សា​សណ្តាប់​ធ្នាប់​សង្គម។

នេះ​ជា​ទស្សនៈ​អំពី​ភាព​កម្សោយ​របស់​មនុស្ស ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ១០:៨ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ”។ តែ​យើង​មិន​ត្រូវអស់​សង្ឃឹម​ឡើយ ព្រោះ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(ខ.១០)។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ ក៏​បាន​ពិពណ៌នា អំពី​លក្ខណៈ​នៃ​ជីវិត ដែល​ព្រះ​​ជា​អ្នក​គង្វាល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។ ក្នុង​ព្រះ​អង្គ យើង “មិន​ខ្វះ​អ្វី​ឡើយ”(ខ.១) ហើយ​ព្រះ​អង្គ​កែ​ព្រលឹង​យើង​ឡើង​វិញ​(ខ.៣)។ ព្រះ​អង្គ​ដឹក​នាំ​យើង តាម​ផ្លូវ​ត្រឹម​ត្រូវ តាម​ព្រះ​ទ័យ​ដ៏​គ្រប់​លក្ខណ៍ ដើម្បី​កុំ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​យើង​ជួប​ភាព​ងងឹត ព្រោះ​ព្រះ​អង្គគង់​នៅ​ជា​មួយ​យើង ដើម្បី​កម្សាន្ត​ចិត្ត​យើង​ជា​និច្ច​(ខ.៣-៤)។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ទុក្ខ​លំបាក ហើយ​ប្រទាន​ព្រះ​ពរ​ហូរ​ហៀរ​ដល់​យើង​(ខ.៥)។ សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ  នឹង​នៅ​ជាប់​តាម​យើង​ជារៀង​រាល់​ថ្ងៃ ហើយ​យើង​មាន​ឯក​សិទ្ធិ ដែល​មាន​ព្រះ​វត្ត​មាន​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត​(ខ.៦)។

ចូរ​យើង​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដ៏​ជា​អ្នក​គង្វាល ហើយ​ពិសោធន៍​នឹង​ជីវិត​ពេញ​បរិបូរ ដែល​ព្រះ​អង្គ​បានយាង​មក ដើម្បី​ប្រទាន​យើង។​—Remi Oyedele