មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ ម៉ាដេលីន(Madeline) បាន​អធិស្ឋាន​សូម​ឲ្យ​កូន​ចៅ​គាត់ មាន​ភ្នែក ដែល​ផ្តោត​ទៅ​លើ​របស់​អ្វីដែល​អស់​កល្ប។ ក្រុម​គ្រួសារ​គាត់​បាន​ឆ្លង​កាត់​រដូវ​កាល​ដ៏​ភ័ន្ត​ភាំង ព្រោះ​តែ​​ការ​ស្លាប់​របស់​កូន​ស្រី​គាត់។ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​តែ​សោក​សង្រេង ដោយសារ​ការ​បាត់​បង់​នេះ អ្នក​ស្រី​ម៉ាដេលីន​ចង់​ឲ្យ​ពួក​គេ​ឈប់​ផ្តោត​ទៅ​លើ​អ្វី​ដែល​មិន​ស្ថិត​ស្ថេរ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់ ក្នុង​លោកិយ​នេះ។ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ស្ថិតស្ថេរ ​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម ក្នុង​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។​

សាវ័ក​ប៉ុល និង​មិត្ត​រួម​ការងារ​គាត់ បាន​ជួប​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ដោយសារ​ពួក​អ្នក​បៀត​បៀន និង​ដោយ​សារ​ពួក​អ្នក​ជឿដែល​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។​ ប៉ុន្តែ ពួក​គេ​មាន​ភ្នែក​ដែល​ផ្តោត​ទៅ​លើ​អ្វី​ដែល​ស្ថិត​ស្ថេរ។ សាវ័ក​ប៉ុល​បានទទួល​ស្គាល់ ដោយ​ចិត្ត​ក្លាហាន​ថា “យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ” (២កូរិនថូស ៤:១៨)។

ពួកគេ​កំពុង​តែ​ធ្វើ​ការ​បម្រើ​ព្រះ តែ​ពួក​គេ​កំពុង​តែ “​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក” “មាន​សេចក្តី​វិលវល់” “មាន​គេ​ធ្វើ​ទុក្ខ” “ត្រូវ​គេ​វាយ​ដួល​ស្តូក”(ខ.៨-៩)។ តើ​ព្រះ​ជា​ម្ចាស់​មិន​គួរ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ទេ​ឬ? ប៉ុន្តែ ពួក​គេ​មិន​បាន​ខក​ចិត្ត​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​សង្ឃឹម​ទៅ​លើ “សិរីល្អដ៏​អស់​កល្ប” ដែល​មាន​ន័យ​ជាងបញ្ហា ដែល​កើត​ឡើង​បណ្តោះ​អាសន្ន​(ខ.១៧)។ គាត់​ដឹង​ថា អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​ធ្វើ​ការ​ក្នុង​គាត់ ហើយ​គាត់​មាន​ការ​ធានា​ទាំង​ស្រុង​“ដោយ​ដឹង​ថា ព្រះអង្គ ដែល​ប្រោស​ព្រះអម្ចាស់យេស៊ូវ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយសារ​ព្រះយេស៊ូវ”(ខ.១៤)។

ពេល​ដែល​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង មាន​ការ​រង្គោះ​រង្គើរ ភ្នែក​របស់​យើង​ចាំ​បាច់​ត្រូវ​ផ្តោត​ទៅ​រក​ព្រះ​ជាម្ចាស់ ដែល​ជាថ្ម​ដា​ដ៏​អស់​កល្ប ដែល​គ្មាន​អ្វី​អាច​បំផ្លាញ​បាន​ឡើយ។—Estera Pirosca Escobar