អ្នក​ស្រី​ខេលស៊ី(Kelsey) បាន​ដើរ​យ៉ាង​ពិបាក នៅ​តាម​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ក្នុង​យន្ត​ហោះ ជា​មួយ​កូន​ស្រី​អាយុ​១១ខែ​របស់​គាត់​ឈ្មោះ​លូស៊ី(Lucy) ដែល​ភ្ជាប់​ទៅ​ដោយ​ម៉ាស៊ីន​អុក​ស៊ីសែន។ ពួក​គេ​កំពុង​តែ​ធ្វើ​ដំណើរ ទៅ​ស្វែង​រក​ការ​ព្យាបាល សម្រាប់​កូន​តូច​របស់​នាង ដែល​មាន​ជម្ងឺ​សួត​ដ៏​រាំ​រ៉ៃ។ បន្ទាប់​ពី​ពួក​គេ​បាន​អង្គុយ​ចុះ នៅ​លើ​កៅ​អី​រួម មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នក​បម្រើ​លើ​យន្ត​ហោះ ក៏​បាន​ដើរ​មក​រក​អ្នក​ស្រី​ខេលស៊ី ដោយ​ប្រាប់​នាង​ថា មាន​អ្នក​ដំណើរ​ម្នាក់​នៅ​កៅ​អី​ជួរមុខ ចង់​ប្តូរ​កៅ​អី​ជា​មួយ​នាង។ ទឹក​ភ្នែក​របស់​នាង​ក៏​ហូរ​ចុះ​មក ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​ដើរ​ទៅ​រក​កៅ​អី​ដែលពិសេស​ជាង​កៅអី​របស់​នាង ខណៈ​ពេល​ដែល​សប្បុរស​ជន​ដែល​នាង​មិន​ដែល​ស្គាល់​នោះ កំពុង​តែ​ដើរ​ទៅ​រក​កន្លែងអង្គុយ​របស់​នាង។

សប្បុរស​ជន​ដែល​អ្នក​ស្រី​ខេលស៊ី​បាន​ជួប បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​សេចក្តី​សប្បុរស ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ ដើម្បី​លើក​ទឹក​ចិត្ត នៅ​ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ។ សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ឲ្យ​បង្រៀន​គេ ដោយ​បង្គាប់​ឲ្យ “ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង”(១ធីម៉ូថេ ៦:១៨)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​ងាយ​នឹង​ត្រូវ​ល្បួង ឲ្យ​មាន​ចិត្ត​ក្រអឺត​ក្រទម និង​សង្ឃឹម​លើ​ទ្រព្យ​សម្បត្តិ ក្នុង​លោកិយ​នេះ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅ​លើ​ការ​រស់​នៅ ដោយ​ចិត្ត​សប្បុរស និង​បម្រើ​ដល់​អ្នក​ដទៃ ដោយ​ធ្វើ​ជា​អ្នក​មាន ក្នុង​ការ​ប្រព្រឹត្ត​ការ​ល្អ។

ទោះ​យើង​ឃើញ​ថា ខ្លួន​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ខ្វះ​ខាត​ក្តី យើង​រាល់​គ្នា សុទ្ធ​តែ​អាច​ពិសោធន៍​នឹង​ភាព​បរិបូរ នៃ​ការ​រស់​នៅ​ដោយ​ចិត្ត​សប្បុរស ដោយ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក អ្វី​ដែល​យើង​មាន​ដល់​អ្នក​ដទៃ។​ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “យ៉ាង​នោះ ទើប​ឈ្មោះ​ថា យើង​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​យើងចាប់​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(ខ.១៩)។—Kirsten Holmberg