មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះ ម៉ាដេលីន(Madeline) បានអធិស្ឋានសូមឲ្យកូនចៅគាត់ មានភ្នែក ដែលផ្តោតទៅលើរបស់អ្វីដែលអស់កល្ប។ ក្រុមគ្រួសារគាត់បានឆ្លងកាត់រដូវកាលដ៏ភ័ន្តភាំង ព្រោះតែការស្លាប់របស់កូនស្រីគាត់។ ខណៈពេលដែលក្រុមគ្រួសារកំពុងតែសោកសង្រេង ដោយសារការបាត់បង់នេះ អ្នកស្រីម៉ាដេលីនចង់ឲ្យពួកគេឈប់ផ្តោតទៅលើអ្វីដែលមិនស្ថិតស្ថេរ ដែលមានពេញទៅដោយការឈឺចាប់ ក្នុងលោកិយនេះ។ តែឲ្យផ្តោតទៅលើអ្វីដែលស្ថិតស្ថេរ មានពេញដោយក្តីសង្ឃឹម ក្នុងព្រះនៃសេចក្តីស្រឡាញ់។
សាវ័កប៉ុល និងមិត្តរួមការងារគាត់ បានជួបទុក្ខវេទនាយ៉ាងខ្លាំង ដោយសារពួកអ្នកបៀតបៀន និងដោយសារពួកអ្នកជឿដែលព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ប៉ុន្តែ ពួកគេមានភ្នែកដែលផ្តោតទៅលើអ្វីដែលស្ថិតស្ថេរ។ សាវ័កប៉ុលបានទទួលស្គាល់ ដោយចិត្តក្លាហានថា “យើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ” (២កូរិនថូស ៤:១៨)។
ពួកគេកំពុងតែធ្វើការបម្រើព្រះ តែពួកគេកំពុងតែ “ត្រូវគេសង្កត់សង្កិនគ្រប់ជំពូក” “មានសេចក្តីវិលវល់” “មានគេធ្វើទុក្ខ” “ត្រូវគេវាយដួលស្តូក”(ខ.៨-៩)។ តើព្រះជាម្ចាស់មិនគួររំដោះពួកគេឲ្យរួចពីទុក្ខលំបាកទាំងនោះទេឬ? ប៉ុន្តែ ពួកគេមិនបានខកចិត្តឡើយ ផ្ទុយទៅវិញ សាវ័កប៉ុលបានសង្ឃឹមទៅលើ “សិរីល្អដ៏អស់កល្ប” ដែលមានន័យជាងបញ្ហា ដែលកើតឡើងបណ្តោះអាសន្ន(ខ.១៧)។ គាត់ដឹងថា អំណាចចេស្តារបស់ព្រះជាម្ចាស់ កំពុងតែធ្វើការក្នុងគាត់ ហើយគាត់មានការធានាទាំងស្រុង“ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ”(ខ.១៤)។
ពេលដែលពិភពលោកនៅជុំវិញខ្លួនយើង មានការរង្គោះរង្គើរ ភ្នែករបស់យើងចាំបាច់ត្រូវផ្តោតទៅរកព្រះជាម្ចាស់ ដែលជាថ្មដាដ៏អស់កល្ប ដែលគ្មានអ្វីអាចបំផ្លាញបានឡើយ។—Estera Pirosca Escobar