នៅឆ្នាំ២០១២ លោកភីលីព(Phillips) លោកក្រេក(Craig) និងលោកឌីន(Dean) បានបញ្ចេញបទចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា “ចូរប្រាប់បេះដូងអ្នកឲ្យលោតម្តងទៀត”។ បទចម្រៀងនេះបានទទួលការបណ្តាលចិត្ត ពីរឿងពិត ដែលគ្រូពេទ្យវះកាត់ម្នាក់បានជួបដោយផ្ទាល់។ បន្ទាប់ពីគាត់បានយកបេះដូងរបស់អ្នកជំងឺចេញក្រៅទ្រូង ដើម្បីធ្វើការជួសជុលវាហើយ គាត់ក៏បានយកវាទៅដាក់ក្នុងទ្រូងវិញ ហើយក៏ចាប់ផ្តើមម៉ាស្សាវាថ្មមៗ ដើម្បីឲ្យវាមានជីវិតឡើង។ ប៉ុន្តែ បេះដូងនោះមិនចាប់ផ្តើមលោតសោះ។ គាត់ក៏ប្រើវិធីសាស្រ្តកាន់តែធ្ងន់ធ្ងរ តែបេះដូងនោះនៅតែមិនព្រមលោត។ ទីបំផុត គ្រូពេទ្យវះកាត់រូបនោះក៏បានលុតជង្គង់ចុះ នៅក្បែរអ្នកជំងឺដែលមិនទាន់ដឹងខ្លួន ហើយក៏បាននិយាយទៅកាន់នាងថា “កញ្ញា ចនសិន(Johnson)។ ខ្ញុំជាគ្រូពេទ្យវះកាត់របស់នាង។ ការវះកាត់បានដំណើរការយ៉ាងឥតខ្ចោះ។ បេះដូងរបស់អ្នកត្រូវបានជួសជុលរួចហើយ។ ឥឡូវនេះ ចូរប្រាប់បេះដូងរបស់អ្នក ឲ្យលោតឡើង”។ បេះដូងរបស់គាត់ក៏បានចាប់ផ្តើមលោតឡើង។
ការដែលយើងអាចប្រាប់បេះដូងខាងរូបកាយរបស់យើងឲ្យលោតឡើងវិញ ហាក់ដូចជារឿងចម្លែក ប៉ុន្តែ ជីវិតខាងវិញ្ញាណក៏មានរឿងដូចនេះផងដែរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបាននិយាយប្រាប់ខ្លួនឯងថា “ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្តីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ”(ទំនុកដំកើង ៤២:៥)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងម្នាក់ទៀតក៏បាននិយាយផងដែរថា “ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ”(១១៦:៧)។ បន្ទាប់ពីពួកអ៊ីសា្រអែលបានប្រយុទ្ធឈ្នះសត្រូវ នាងដេបូរ៉ាដែលជាពួកចៅហ្វាយ ក៏បានបង្ហាញថា គាត់ក៏បាននិយាយទៅកាន់ចិត្ត ឬព្រលឹងរបស់គាត់ ក្នុងអំឡុងពេលសឹកសង្រ្គាមផងដែរ។ គាត់ប្រាប់ចិត្តរបស់គាត់ថា “ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង”(ពួកចៅហ្វាយ ៥:២១) ព្រោះព្រះអម្ចាស់បានសន្យាថា នឹងប្រទាននូវជ័យជម្នះដ៏អស្ចារ្យ(៤:៦-៧)។
ព្រះដែលជាគ្រូពេទ្យបេះដូងដ៏មានសមត្ថភាព បានជួសជុលចិត្ត ឬបេះដូងរបស់យើង(ទំនុកដំកើង ១០៣:៣)។ ដូចនេះ ពេលណាការភ័យខ្លាច ទុក្ខព្រួយ ឬទុក្ខលំបាកចូលមកដល់ យើងក៏គួរតែប្រាប់បេះដូង ឬព្រលឹងយើងផងដែរថា ឱបេះដូងខ្ញុំអើយ! ចូរលោតឡើង ដោយកម្លាំង មកពីព្រះអម្ចាស់! —Sheridan Voysey