នៅ​ឆ្នាំ​២០១២ លោក​ភីលីព(Phillips) លោក​ក្រេក(Craig) និង​លោក​ឌីន(Dean) បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ក្រោម​ចំណង​ជើង​ថា “ចូរ​ប្រាប់​បេះដូង​អ្នក​ឲ្យ​លោត​ម្តង​ទៀត”។ បទ​ចម្រៀង​នេះ​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​រឿង​ពិត ដែល​គ្រូ​ពេទ្យ​វះ​កាត់​ម្នាក់​បាន​ជួប​ដោយ​ផ្ទាល់។ បន្ទាប់​ពី​គាត់​បាន​យក​បេះ​ដូង​របស់​អ្នក​ជំងឺ​ចេញ​ក្រៅ​ទ្រូង ដើម្បី​ធ្វើ​ការជួស​ជុល​វា​ហើយ គាត់​ក៏​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទ្រូង​វិញ ហើយ​ក៏​ចាប់​ផ្តើម​ម៉ាស្សា​វា​ថ្មម​ៗ ដើម្បី​ឲ្យ​វា​មាន​ជីវិត​ឡើង​។ ប៉ុន្តែ បេះ​ដូង​នោះ​មិន​ចាប់​ផ្តើម​លោត​សោះ។ គាត់​ក៏​ប្រើ​វិធី​សាស្រ្ត​កាន់​តែ​ធ្ងន់​ធ្ងរ តែ​បេះ​ដូង​នោះ​នៅ​តែ​មិន​ព្រម​លោត។ ​ទី​បំផុត គ្រូ​ពេទ្យ​វះកាត់​រូប​នោះ​ក៏​បាន​លុត​ជង្គង់​ចុះ នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​មិន​ទាន់​ដឹង​ខ្លួន​ ហើយ​ក៏​បាន​និយាយ​ទៅ​កាន់​នាង​ថា “កញ្ញា ចនសិន(Johnson)។ ខ្ញុំ​ជា​គ្រូ​ពេទ្យ​វះ​កាត់​របស់​នាង។ ការ​វះកាត់​បាន​ដំណើរ​ការ​យ៉ាង​ឥត​ខ្ចោះ។ បេះ​ដូង​របស់​អ្នកត្រូវ​បាន​ជួស​ជុល​រួច​ហើយ។ ឥឡូវ​នេះ ចូរ​ប្រាប់​បេះ​ដូង​របស់​អ្នក ឲ្យ​លោត​ឡើង”។ បេះ​ដូង​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​លោត​ឡើង។​

ការ​ដែល​យើង​អាច​ប្រាប់​បេះ​ដូង​ខាង​រូប​កាយ​របស់​យើង​ឲ្យ​លោត​ឡើង​វិញ ហាក់​ដូច​ជា​រឿង​ចម្លែក ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណក៏​មាន​រឿង​ដូច​នេះ​ផង​ដែរ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្តី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ”(ទំនុកដំកើង ៤២:៥)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ម្នាក់​ទៀត​ក៏​បាន​និយាយ​ផង​ដែរ​ថា “ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ”(១១៦:៧)។ បន្ទាប់​ពី​ពួក​អ៊ីសា្រ​អែល​បាន​ប្រយុទ្ធ​ឈ្នះសត្រូវ នាង​ដេបូរ៉ា​ដែល​ជា​ពួក​ចៅ​ហ្វាយ ក៏​បាន​បង្ហាញ​ថា គាត់​ក៏​បាន​និយាយ​ទៅ​កាន់​ចិត្ត ឬ​ព្រលឹង​របស់​គាត់ ក្នុង​អំឡុង​ពេល​សឹក​សង្រ្គាម​ផង​ដែរ។​ គាត់​ប្រាប់​ចិត្ត​របស់​គាត់​ថា “ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ជាន់​គេ​ដោយ​មាន​កំឡាំង​ដ៏​ខ្លាំង”(ពួកចៅហ្វាយ ៥:២១) ព្រោះ​ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​នូវ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ(៤:៦-៧)។

ព្រះ​ដែល​ជា​គ្រូ​ពេទ្យ​បេះ​ដូង​ដ៏​មាន​សមត្ថ​ភាព បាន​ជួស​ជុល​ចិត្ត ឬ​បេះ​ដូង​របស់​យើង​(ទំនុកដំកើង ១០៣:៣)។ ដូច​នេះ ពេល​ណា​ការ​ភ័យ​ខ្លាច ទុក្ខ​ព្រួយ ឬ​ទុក្ខ​លំបាក​ចូល​មក​ដល់ យើង​ក៏​គួរ​តែ​ប្រាប់​បេះ​ដូង ឬ​ព្រលឹង​យើង​ផង​ដែរ​ថា ឱ​បេះដូង​ខ្ញុំ​អើយ! ចូរ​លោត​ឡើង ដោយ​កម្លាំង មក​ពី​ព្រះ​អម្ចាស់! —Sheridan Voysey