កូន​ស្រី​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ តួអង្គ នេនស៊ី ឌ្រូ(Nancy Drew)។ ក្នុង​អំឡុង​ពេល​៣​សប្តាហ៍​នោះ នាង​បាន​អាន​រឿង​ប្រលោម​លោក​ជាង​១០​ក្បាល ដែល​និយាយ​អំពី​តួ​អង្គ​នេះ ដែល​ជា​អ្នក​ស៊ើប​អង្កេត​វ័យ​ក្មេង​ដ៏​ចំណាន។​ នាងចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​បែប​ស៊ើប​អង្កេត ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​តួ​អង្គ​នេនស៊ី ឌ្រូ​ផង​ដែរ ហើយ​សៀវភៅ​រឿង​ដែលមាន​គ្រប​ពណ៌​ខៀវ ដែល​ម្តាយ​ខ្ញុំ​បាន​អាន កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​មាន​តម្រៀប​នៅ​លើ​ធ្នើ ក្នុង​ផ្ទះ​របស់​គាត់។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ចំណង់​ចំណូល​ចិត្ត​នេះ ត្រូវ​បាន​ផ្ទេរ​ឲ្យ​ពី​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់​ទៀត អស់​បី​ជំនាន់ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​ផ្សេង​ទៀត ដែល​ខ្ញុំ​កំពុង​តែ​ផ្ទេរ​ឲ្យ​កូន​របស់​ខ្ញុំឬ​​ទេ។ ក្នុង​កណ្ឌ​សំបុត្រ​ទីពីរ ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​សរសេរ​ថា ពេល​គាត់​បាន​គិត​ដល់​លោក​ធីម៉ូថេ ពេល​ដែល​គាប់​បាន​នឹក​ចាំ អំពី “ជំនឿ​ដ៏ស្មោះ​ត្រង់” ដែល​ជី​ដូន និង​ម្តាយ​របស់​លោក​ធីម៉ូថេ​មាន។ ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា កូន​ស្រី​ខ្ញុំ​មិន​គ្រាន់​តែ​ចូល​ចិត្ត​អាន​រឿងអាថ៌​កំបាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​កំពុង​តែ​ទទួល​កេរ​ដំណែល​នៃ​ជំនឿ​លើ​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​នាង​បាន “បម្រើ” ដូច​ជីដូន​ជីតា​របស់​នាង និង​អធិស្ឋាន ហើយ​តោង​ឲ្យ​ជាប់ “សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត ក្នុង​ព្រះ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ”(២ធីម៉ូថេ ១:១)។

ត្រង់​ចំណុច​នេះ អ្នក​ដែល​មិន​មាន​ឪពុក​ម្តាយ ឬ​ជី​ដូន​ជីតា ដែល​មិន​ទាន់​ជឿ​ព្រះ​យេស៊ូវ ក៏​អាច​មាន​ក្តី​សង្ឃឹម​នេះ​ផង​ដែរ។​ ទោះ​ឪពុក​របស់​លោក​ធីម៉ូថេ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ សាវ័ក​ប៉ុល​បាន​ហៅ​លោក​ធីម៉ូថេ​ថា “កូន​ស្ងួន​ភ្ងា”(ខ.២)។ អ្នក​ដែល​មិន​មាន​ក្រុម​គ្រួសារ​នាំ​ឲ្យ​ទទួល​ជឿ​ព្រះ នៅ​តែ​អាច​រក​ឃើញ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​ខាង​វិញ្ញាណ ដែល​អាចជួយ​បង្រៀន​ អំពី​របៀប​រស់​នៅ​ក្នុង “ជីវិត​ដែល​បរិសុទ្ធ” (ខ.៩) និង​ដើម្បី​ឱប​ក្រសោប​យក អំណោយ ដែល​ព្រះ​ជាម្ចាស់បាន​ប្រទាន​យើង ដែល​មាន​ដូច​ជា “អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង​ធឹង”(ខ.៧)។ ជា​ការ​ពិត​ណាស់ យើង​រាល់​គ្នាសុទ្ធ​តែ​មាន​កេរ​ដំណែល​ដ៏​ថ្លៃ​ថ្លា។​—Amy Peterson