កូនស្រីខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ តួអង្គ នេនស៊ី ឌ្រូ(Nancy Drew)។ ក្នុងអំឡុងពេល៣សប្តាហ៍នោះ នាងបានអានរឿងប្រលោមលោកជាង១០ក្បាល ដែលនិយាយអំពីតួអង្គនេះ ដែលជាអ្នកស៊ើបអង្កេតវ័យក្មេងដ៏ចំណាន។ នាងចូលចិត្តអានរឿងប្រលោមលោកបែបស៊ើបអង្កេត ហើយខ្ញុំក៏ចូលចិត្តតួអង្គនេនស៊ី ឌ្រូផងដែរ ហើយសៀវភៅរឿងដែលមានគ្របពណ៌ខៀវ ដែលម្តាយខ្ញុំបានអាន កាលពីទសវត្សរ៍ឆ្នាំ១៩៦០ នៅមានតម្រៀបនៅលើធ្នើ ក្នុងផ្ទះរបស់គាត់។
ពេលដែលខ្ញុំបានឃើញចំណង់ចំណូលចិត្តនេះ ត្រូវបានផ្ទេរឲ្យពីជំនាន់មួយទៅមួយជំនាន់ទៀត អស់បីជំនាន់ ខ្ញុំក៏បានឆ្ងល់ថា តើមានអ្វីផ្សេងទៀត ដែលខ្ញុំកំពុងតែផ្ទេរឲ្យកូនរបស់ខ្ញុំឬទេ។ ក្នុងកណ្ឌសំបុត្រទីពីរ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ គាត់បានសរសេរថា ពេលគាត់បានគិតដល់លោកធីម៉ូថេ ពេលដែលគាប់បាននឹកចាំ អំពី “ជំនឿដ៏ស្មោះត្រង់” ដែលជីដូន និងម្តាយរបស់លោកធីម៉ូថេមាន។ ខ្ញុំក៏សង្ឃឹមផងដែរថា កូនស្រីខ្ញុំមិនគ្រាន់តែចូលចិត្តអានរឿងអាថ៌កំបាំងប៉ុណ្ណោះទេ តែក៏កំពុងតែទទួលកេរដំណែលនៃជំនឿលើព្រះផងដែរ ដើម្បីឲ្យនាងបាន “បម្រើ” ដូចជីដូនជីតារបស់នាង និងអធិស្ឋាន ហើយតោងឲ្យជាប់ “សេចក្តីសន្យាឲ្យបានជីវិត ក្នុងព្រះអង្គព្រះយេស៊ូវគ្រីស្ទ”(២ធីម៉ូថេ ១:១)។
ត្រង់ចំណុចនេះ អ្នកដែលមិនមានឪពុកម្តាយ ឬជីដូនជីតា ដែលមិនទាន់ជឿព្រះយេស៊ូវ ក៏អាចមានក្តីសង្ឃឹមនេះផងដែរ។ ទោះឪពុករបស់លោកធីម៉ូថេ មិនត្រូវបានលើកយកមកនិយាយ សាវ័កប៉ុលបានហៅលោកធីម៉ូថេថា “កូនស្ងួនភ្ងា”(ខ.២)។ អ្នកដែលមិនមានក្រុមគ្រួសារនាំឲ្យទទួលជឿព្រះ នៅតែអាចរកឃើញឪពុកម្តាយ និងជីដូនជីតាខាងវិញ្ញាណ ដែលអាចជួយបង្រៀន អំពីរបៀបរស់នៅក្នុង “ជីវិតដែលបរិសុទ្ធ” (ខ.៩) និងដើម្បីឱបក្រសោបយក អំណោយ ដែលព្រះជាម្ចាស់បានប្រទានយើង ដែលមានដូចជា “អំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹង”(ខ.៧)។ ជាការពិតណាស់ យើងរាល់គ្នាសុទ្ធតែមានកេរដំណែលដ៏ថ្លៃថ្លា។—Amy Peterson