គេ​ជឿ​ថា បុរស​ម្នាក់​នោះ​ហាក់​ដូច​ជា​មិន​អាច​ទទួល​ការ​ប្រោស​លោះ​របស់​ព្រះ​បាន​ទេ។ បទ​ឧក្រឹដ្ឋ​របស់​គាត់ គឺ​រាប់​បញ្ចូលការ​បាញ់​ប្រហារ​៨​លើក​(ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់) និង​បង្ករ​អគ្គី​ភ័យ​១៥០០​ករណី ដែល​ធ្វើ​ឲ្យ​ទីក្រុង​ញូយ៉ក​មានការ​តក់​ស្លត់​យ៉ាង​ខ្លាំង កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។ គាត់​បាន​បន្សល់​ទុក​នូវ​សំបុត្រ នៅ​កន្លែង​ដែល​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ដែល​ជា​ការ​ឡក​ឡឺយ​ដល់​ប៉ូលីស ហើយទី​បំផុត គេ​ក៏​ចាប់​ខ្លួន​គាត់​បាន និង​បាន​កាត់​ទោស​គាត់​ជា​បន្ត​បន្ទាប់ ឲ្យ​ជាប់​ទៅ​២៥​ឆ្នាំ​អស់​មួយ​ជីវិត សម្រាប់​ឃាត​កម្ម​នីមួយ​ៗ​ដែល​គាត់​បាន​ប្រព្រឹត្ត។​

ប៉ុន្តែ ព្រះ​ទ្រង់​នៅ​តែ​ឈោង​មក​រក​បុរស​ម្នាក់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ដែល​បាន​ចំណាយ​ពេល​រៀង​រាល់ថ្ងៃ រៀន​ព្រះ​គម្ពីរ។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ហើយ​បាន​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ។ គេ​គិត​ថា ព្រះ​ហាក់​ដូច​ជា​មិន​អាច​ប្រោស​លោះ​បុរស​ម្នាក់​នោះ​បាន​ឡើយ ប៉ុន្តែ ទោះ​គាត់​បានជាប់​គុក​ជាង​៤​ទសវត្សរ៍​ហើយ​ក្តី​ គាត់​នៅ​តែ​រក​ឃើញ​ក្តី​សង្ឃឹម​ក្នុង​ព្រះ ហើយ​បាន​ប្រកាស់​ថា “ខ្ញុំ​បាន​រក​ឃើញ​សេរី​ភាព ក្នុង​ព្រះ​យេស៊ូវ”។

ព្រះ​គម្ពីរ​បាន​ចែង អំពី​មនុស្ស​ម្នាក់ ដែល​មិន​ទំនង​ជា​អាច​ប្រែ​ចិត្ត​ជឿ​ព្រះ​ ។ មុន​ពេល លោក​សូល​បាន​ជួប​ព្រះ​គ្រីស្ទ​ដែលមាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ​នៅ​តាម​ផ្លូវ ទៅ​កាន់​ទីក្រុង​ដាម៉ាស់ គាត់​(ដែល​ក្រោយ​មក ក្លាយ​ជា​សាវ័ក​ប៉ុល) បាន​ធ្វើ​ការ​គំរាម​ថា នឹង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ​អម្ចាស់​(កិច្ចការ ៩:១)។ ប៉ុន្តែ ចិត្ត និង​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ដោយសារ​ព្រះ​យេស៊ូវ(ខ.១៧-១៨) ហើយ​គាត់​ក៏​ស្ថិត​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​អង្គ ក្នុង​ប្រវត្តិ​សាស្រ្ត។ បុរស​ម្នាក់នេះ​ដែល​ធ្លាប់​តាម​សម្លាប់​គ្រីស្ទ​បរិស័ទ បាន​លះ​បង់​ជីវិត នៅ​ក្នុង​ការ​ផ្សាយ​អំពី​ក្តី​សង្ឃឹម នៃ​ដំណឹង​ល្អ។​

ជា​និច្ច​ជា​កាល  ការ​ប្រោស​លោះ គឺ​ជា​ការ​អស្ចារ្យ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ក្នុង​ជីវិត​មនុស្ស។ អ្នក​ខ្លះ​មាន​រឿង​ដែល​អាក្រក់ជាង​គេ ប៉ុន្តែ សេចក្តី​ពិត​មាន​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដូច​គ្នា។ គឺ​សេចក្តី​ពិត​ដែល​ថា យើង​មិន​សម​នឹង​ទទួល​ការ​អត់​ទោសបាប​ពី​ព្រះ​អង្គ​ឡើយ តែ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្រ្គោះ​ដ៏​មាន​ចេស្តា“បាន​ប្រទាន​ការ​សង្រ្គោះទាំងស្រុង ដល់​អស់​អ្នកដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ព្រះ​អង្គ”(ហេព្រើរ ៧:២៥)។—James Banks