គេជឿថា បុរសម្នាក់នោះហាក់ដូចជាមិនអាចទទួលការប្រោសលោះរបស់ព្រះបានទេ។ បទឧក្រឹដ្ឋរបស់គាត់ គឺរាប់បញ្ចូលការបាញ់ប្រហារ៨លើក(ដែលបានសម្លាប់មនុស្ស៦នាក់) និងបង្ករអគ្គីភ័យ១៥០០ករណី ដែលធ្វើឲ្យទីក្រុងញូយ៉កមានការតក់ស្លត់យ៉ាងខ្លាំង កាលពីទសវត្សរ៍ឆ្នាំ១៩៧០។ គាត់បានបន្សល់ទុកនូវសំបុត្រ នៅកន្លែងដែលគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋ ដែលជាការឡកឡឺយដល់ប៉ូលីស ហើយទីបំផុត គេក៏ចាប់ខ្លួនគាត់បាន និងបានកាត់ទោសគាត់ជាបន្តបន្ទាប់ ឲ្យជាប់ទៅ២៥ឆ្នាំអស់មួយជីវិត សម្រាប់ឃាតកម្មនីមួយៗដែលគាត់បានប្រព្រឹត្ត។
ប៉ុន្តែ ព្រះទ្រង់នៅតែឈោងមករកបុរសម្នាក់នេះ។ សព្វថ្ងៃនេះ គាត់ជាអ្នកជឿព្រះគ្រីស្ទ ដែលបានចំណាយពេលរៀងរាល់ថ្ងៃ រៀនព្រះគម្ពីរ។ គាត់បានបង្ហាញចេញនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយបានបន្តអធិស្ឋានឲ្យពួកគេ។ គេគិតថា ព្រះហាក់ដូចជាមិនអាចប្រោសលោះបុរសម្នាក់នោះបានឡើយ ប៉ុន្តែ ទោះគាត់បានជាប់គុកជាង៤ទសវត្សរ៍ហើយក្តី គាត់នៅតែរកឃើញក្តីសង្ឃឹមក្នុងព្រះ ហើយបានប្រកាស់ថា “ខ្ញុំបានរកឃើញសេរីភាព ក្នុងព្រះយេស៊ូវ”។
ព្រះគម្ពីរបានចែង អំពីមនុស្សម្នាក់ ដែលមិនទំនងជាអាចប្រែចិត្តជឿព្រះ ។ មុនពេល លោកសូលបានជួបព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ នៅតាមផ្លូវ ទៅកាន់ទីក្រុងដាម៉ាស់ គាត់(ដែលក្រោយមក ក្លាយជាសាវ័កប៉ុល) បានធ្វើការគំរាមថា នឹងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់(កិច្ចការ ៩:១)។ ប៉ុន្តែ ចិត្ត និងជីវិតរបស់គាត់បានផ្លាស់ប្រែ ដោយសារព្រះយេស៊ូវ(ខ.១៧-១៨) ហើយគាត់ក៏ស្ថិតក្នុងចំណោមស្មរបន្ទាល់ដ៏អស្ចារ្យបំផុតរបស់ព្រះអង្គ ក្នុងប្រវត្តិសាស្រ្ត។ បុរសម្នាក់នេះដែលធ្លាប់តាមសម្លាប់គ្រីស្ទបរិស័ទ បានលះបង់ជីវិត នៅក្នុងការផ្សាយអំពីក្តីសង្ឃឹម នៃដំណឹងល្អ។
ជានិច្ចជាកាល ការប្រោសលោះ គឺជាការអស្ចារ្យ ដែលព្រះទ្រង់បានធ្វើ ក្នុងជីវិតមនុស្ស។ អ្នកខ្លះមានរឿងដែលអាក្រក់ជាងគេ ប៉ុន្តែ សេចក្តីពិតមានសម្រាប់មនុស្សម្នាក់ៗដូចគ្នា។ គឺសេចក្តីពិតដែលថា យើងមិនសមនឹងទទួលការអត់ទោសបាបពីព្រះអង្គឡើយ តែព្រះយេស៊ូវជាព្រះអង្គសង្រ្គោះដ៏មានចេស្តា“បានប្រទានការសង្រ្គោះទាំងស្រុង ដល់អស់អ្នកដែលចូលមករកព្រះជាម្ចាស់ តាមរយៈព្រះអង្គ”(ហេព្រើរ ៧:២៥)។—James Banks