លោក​រ៉ូបឺត ខូល(Robert Coles) ធ្លាប់​បាន​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ដែល​អស់​កម្លាំង​កាយ​ចិត្ត នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ មាន​គំរូ​មួយ​ដែល​ដូច​គ្នា។ ជា​ដំបូង ពួក​គេ​មាន​ការ​ហត់​នឿយ។ បន្ទាប់​មក  ពួក​គេ​មាន​គំនិត​អវិជ្ជ​មាន​ ហាក់​ដូច​ជា​មិន​ឃើញ​មាន​អ្វី​ប្រសើរ​ឡើង​។ ពួក​គេ​ក៏​មាន​ចិត្ត​ល្វីង​ជូរ​ចត់ អស់​សង្ឃឹម ពិបាក​ចិត្ត ហើយ​ទី​បំផុត​ពួក​គេ​ក៏​បាន​អស់​កម្លាំង​កាយ​ចិត្ត។

ខ្ញុំ​ធ្លាប់​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល ដែល​និយាយ​អំពី ភាព​ធូរ​ស្បើយ​បន្ទាប់​ពី​ក្តី​ស្រមៃ​រលាយ​អស់។ បន្ទាប់​មក ខ្ញុំ​ក៏បាន​ចូល​ទៅ​ក្នុង​រដូវ​កាល​ដ៏​មមាញឹក នៃ​ការ​បង្រៀន​តាម​សិក្ខា​សាលា។ ការ​ជួយ​អ្នក​ដទៃ ឲ្យ​រក​ឃើញ​ក្តី​សង្ឃឹម បន្ទាប់​​ពី​មាន​ភាព​អស់​សង្ឃឹម គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ ខ្ញុំ​ក៏​មាន​ការ​លះ​បង់​ច្រើន​ដែរ។​ ថ្ងៃ​មួយ ពេលដែល​ខ្ញុំ​ហៀប​នឹង​បោះ​ជំហាន​ឡើង​វេទិ​ការ ខ្ញុំ​គិត​ថា ខ្ញុំ​ហាក់​ដូច​ជា​ចង់​ងងឹត​មុខ​ដួល។ ខ្ញុំ​មិន​បាន​គេង​គ្រប់​គ្រាន់ ការ​ធ្វើ​ដំណើរ​វិស្សម​កាល មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​ឡើយ ហើយ​កាល​ណា​ខ្ញុំ​គិត​អំពី​ពេល​ដែល​ខ្ញុំ​ស្តាប់​អ្នក​ដទៃ​និយាយអំពី​បញ្ហា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ខ្ញុំ​កំពុង​តែ​ជួប​បញ្ហា ដូច​ដែល​លោក​ខូល​បាន​និយាយ​ហើយ។​

ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​យើង​នូវ​យុទ្ធ​សាស្រ្ត​ពីរ​យ៉ាង ដើម្បី​ជម្នះ​ភាព​អស់​កម្លាំង​កាយ​ចិត្ត។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤០ វិញ្ញាណ​ដែល​ខ្សោះ​អស់​កម្លាំង មាន​កម្លាំង​ជា​ថ្មី ពេល​ដែល​វិញ្ញាណ​នោះ​សង្ឃឹម​ដល់​ព្រះ​អម្ចាស់​(ខ.២៩-៣១)។ ដូច​នេះ ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​ក្នុង​ព្រះ​ជាម្ចាស់ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​ការ​ក្នុង​ខ្ញុំ ជា​ជាង​បន្ត​ពឹង​ផ្អែក​លើ​កម្លាំងខ្លួន​ឯង។ ហើយ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១០៣ បាន​ចែង​ថា ព្រះជា​ម្ចាស់​ប្រទាន​កម្លាំង​ជា​ថ្មី​មក​យើង ដោយ​ចម្អែតចិត្ត​យើង ដោយ​របស់​ល្អ​(ខ.៥)។ របស់​ល្អ​នោះ​គឺ​មាន​ដូច​ជា ការ​អត់​ទោស​បាប និង​ការ​ប្រោស​លោះ​(ខ.៣-៤) ហើយបូក​រួម​ទាំង​ក្តី​អំណរ​ផង​ដែរ។ ពេល​ណា​ខ្ញុំ​រៀប​ចំ​កាល​វិភាគ​របស់​ខ្ញុំ​ឡើង​វិញ ដោយ​រាប់​បញ្ចូល​ការ​អធិស្ឋាន ការ​សម្រាក និង​ការ​កម្សាន្ត​សប្បាយ​បន្ថែម​ទៀត ដែល​មាន​ដូច​ជា​ការ​ថត​រូប​ជា​ដើម នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា មានសុខ​ភាព​ល្អ​ឡើង​វិញ។​

ការ​អស់​កម្លាំង​កាយ​ចិត្ត ចាប់​ផ្តើម​កើត​មាន ពេល​ដែល​យើង​ហត់​នឿយ។ ចូរ​យើង​កុំ​ឲ្យ​វា​វិវត្តន៍​ទៅ​មុខ​ទៀត។ យើង​បម្រើ​អ្នក​ដទៃ​បាន​ល្អ​បំផុត ពេល​ដែល​ជីវិត​យើង​មាន​ការ​ថ្វាយ​បង្គំ និង​ការ​សម្រាក។​—SHERIDAN VOYSEY