លោករ៉ូបឺត ខូល(Robert Coles) ធ្លាប់បានធ្វើការកត់សម្គាល់ឃើញថា មនុស្សដែលអស់កម្លាំងកាយចិត្ត នៅក្នុងការបម្រើអ្នកដទៃ មានគំរូមួយដែលដូចគ្នា។ ជាដំបូង ពួកគេមានការហត់នឿយ។ បន្ទាប់មក ពួកគេមានគំនិតអវិជ្ជមាន ហាក់ដូចជាមិនឃើញមានអ្វីប្រសើរឡើង។ ពួកគេក៏មានចិត្តល្វីងជូរចត់ អស់សង្ឃឹម ពិបាកចិត្ត ហើយទីបំផុតពួកគេក៏បានអស់កម្លាំងកាយចិត្ត។
ខ្ញុំធ្លាប់បាននិពន្ធសៀវភៅមួយក្បាល ដែលនិយាយអំពី ភាពធូរស្បើយបន្ទាប់ពីក្តីស្រមៃរលាយអស់។ បន្ទាប់មក ខ្ញុំក៏បានចូលទៅក្នុងរដូវកាលដ៏មមាញឹក នៃការបង្រៀនតាមសិក្ខាសាលា។ ការជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹម បន្ទាប់ពីមានភាពអស់សង្ឃឹម គឺពិតជាបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែ ខ្ញុំក៏មានការលះបង់ច្រើនដែរ។ ថ្ងៃមួយ ពេលដែលខ្ញុំហៀបនឹងបោះជំហានឡើងវេទិការ ខ្ញុំគិតថា ខ្ញុំហាក់ដូចជាចង់ងងឹតមុខដួល។ ខ្ញុំមិនបានគេងគ្រប់គ្រាន់ ការធ្វើដំណើរវិស្សមកាល មិនបានធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញឡើយ ហើយកាលណាខ្ញុំគិតអំពីពេលដែលខ្ញុំស្តាប់អ្នកដទៃនិយាយអំពីបញ្ហារបស់ពួកគេ បានធ្វើឲ្យខ្ញុំមានពេញដោយការភ័យខ្លាច។ ខ្ញុំកំពុងតែជួបបញ្ហា ដូចដែលលោកខូលបាននិយាយហើយ។
ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យយើងនូវយុទ្ធសាស្រ្តពីរយ៉ាង ដើម្បីជម្នះភាពអស់កម្លាំងកាយចិត្ត។ ក្នុងបទគម្ពីរអេសាយ ជំពូក៤០ វិញ្ញាណដែលខ្សោះអស់កម្លាំង មានកម្លាំងជាថ្មី ពេលដែលវិញ្ញាណនោះសង្ឃឹមដល់ព្រះអម្ចាស់(ខ.២៩-៣១)។ ដូចនេះ ខ្ញុំចាំបាច់ត្រូវសម្រាកក្នុងព្រះជាម្ចាស់ ដោយទុកចិត្តថា ព្រះអង្គនឹងធ្វើការក្នុងខ្ញុំ ជាជាងបន្តពឹងផ្អែកលើកម្លាំងខ្លួនឯង។ ហើយបទគម្ពីរទំនុកដំកើង ជំពូក ១០៣ បានចែងថា ព្រះជាម្ចាស់ប្រទានកម្លាំងជាថ្មីមកយើង ដោយចម្អែតចិត្តយើង ដោយរបស់ល្អ(ខ.៥)។ របស់ល្អនោះគឺមានដូចជា ការអត់ទោសបាប និងការប្រោសលោះ(ខ.៣-៤) ហើយបូករួមទាំងក្តីអំណរផងដែរ។ ពេលណាខ្ញុំរៀបចំកាលវិភាគរបស់ខ្ញុំឡើងវិញ ដោយរាប់បញ្ចូលការអធិស្ឋាន ការសម្រាក និងការកម្សាន្តសប្បាយបន្ថែមទៀត ដែលមានដូចជាការថតរូបជាដើម នោះខ្ញុំក៏បានចាប់ផ្តើមមានអារម្មណ៍ថា មានសុខភាពល្អឡើងវិញ។
ការអស់កម្លាំងកាយចិត្ត ចាប់ផ្តើមកើតមាន ពេលដែលយើងហត់នឿយ។ ចូរយើងកុំឲ្យវាវិវត្តន៍ទៅមុខទៀត។ យើងបម្រើអ្នកដទៃបានល្អបំផុត ពេលដែលជីវិតយើងមានការថ្វាយបង្គំ និងការសម្រាក។—SHERIDAN VOYSEY