ខ្ញុំតែងតែមានចិត្តជាអ្នកសន្សំវត្ថុដែលខ្ញុំចូលចិត្ត។ កាលពីក្មេង ខ្ញុំបានសន្សំតែមសំបុត្រ កាតបេសប៊ល និងសៀវភៅរឿងប្រឌិត។ ឥឡូវនេះ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំក៏បានឃើញកូនៗខ្ញុំមានចំណង់ចំណូលចិត្តដូចខ្ញុំផងដែរ។ ជួនកាល ខ្ញុំឆ្ងល់ថា តើក្មេងៗត្រូវការតុក្កតាខ្លាឃ្មំថេឌីបន្ថែមទៀតទេ? ជាការពិតណាស់ ការស្វែងរករបស់បន្ថែម មិនមែនដោយសារយើងត្រូវការវានោះឡើយ តែវាជារបស់ថ្មីនោះមានចំណុចទាក់ទាញអ្វីម្យ៉ាង។ ឬជួនកាល យើងក៏មានការចាប់ចិត្តចំពោះរបស់ចាស់ៗ ឬអ្វីដែលកម្រផងដែរ។ ទោះមានអ្វីជាប់នៅក្នុងក្តីស្រមៃក៏ដោយ យើងត្រូវបានល្បួងឲ្យជឿថា បើយើងមានរបស់ “មួយនេះ ឬមួយនោះ” ជីវិតយើងនឹងល្អជាងមុន យើងនឹងសប្បាយចិត្ត និងស្កប់ចិត្ត។
ប៉ុន្តែ របស់ទាំងនោះមិនដែលធ្វើឲ្យយើងស្កប់ចិត្តឡើយ។ ហេតុអ្វី? ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យស្កប់ចិត្ត តាមរយៈព្រះអង្គ គឺមិនមែនដោយសាររបស់របរ នៅក្នុងលោកិយ ដូចដែលមនុស្សភាគច្រើនគិតនោះឡើយ។
បញ្ហាដ៏តានតឹងនេះ មិនមែនទើបតែកើតមានក្នុងសម័យយើងឡើយ។ ជាក់ស្តែង បទគម្ពីរសុភាសិត បានធ្វើការប្រៀបធៀបជីវិតពីរប្រភេទ : គឺជីវិត ដែលដេញតាមទ្រព្យសម្បត្តិ និងជីវិតដែលស្រឡាញ់ព្រះ និងចែករំលែក ដោយចិត្តសប្បុរស។ តាមបទគម្ពីរ សុភាសិត ១១:២៨ ជីវិតបែបសម្ភារៈនិយម គឺជាជីវិតដែលមិនចេះស្កប់ស្កល់ ហើយនឹងត្រូវដួលចុះ តែជីវិតដែលរស់នៅតាមព្រះទ័យព្រះ នឹងចម្រើនឡើង ដូចដើមឈើដែលមានស្លឹកខៀវខ្ចី។
នេះជាការប្រៀបធៀបដ៏មានន័យ! តើយើងចង់រស់នៅ ក្នុងជីវិតដែលចម្រើនឡើង និងមានផលផ្លែ ឬជីវិតដែលប្រហោងក្នុង និងក្រៀមក្រោះគ្មានផលផ្លែ។ លោកិយបង្រៀនយើងថា ជីវិតដែលរស់នៅបានល្អ គឺជាជីវិតដែលមានទ្រព្យសម្បត្តិជាបរិបូរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានអញ្ជើញយើង ឲ្យចាក់ឫសក្នុងព្រះអង្គ ដើម្បីពិសោធន៍នឹងសេចក្តីល្អរបស់ព្រះអង្គ ហើយចម្រើនឡើង ដោយបង្កើតផលផ្លែ។ ហើយខណៈពេលដែលយើងមានការផ្លាស់ប្រែ តាមរយៈទំនាក់ទំនងជាមួយព្រះអង្គ នោះព្រះអង្គក៏កែប្រែចិត្ត និងគំនិតយើង ពីក្នុងមកក្រៅ។—ADAM HOLZ