ខ្ញុំ​តែង​តែ​មាន​ចិត្ត​ជា​អ្នក​សន្សំ​វត្ថុ​ដែល​ខ្ញុំ​ចូល​ចិត្ត។ កាល​ពី​ក្មេង ខ្ញុំ​បាន​សន្សំ​តែម​សំបុត្រ កាត​បេសប៊ល និង​សៀវភៅរឿង​ប្រឌិត។ ឥឡូវ​នេះ ក្នុង​នាម​ជា​ឪពុក​ម្នាក់ ខ្ញុំ​ក៏​បាន​ឃើញ​កូន​ៗ​ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​ខ្ញុំ​ផង​ដែរ។ ជួន​កាល​ ខ្ញុំឆ្ងល់​ថា តើ​ក្មេង​ៗ​ត្រូវ​ការ​តុក្កតា​ខ្លា​ឃ្មំ​ថេឌី​បន្ថែម​ទៀត​ទេ? ជា​ការ​ពិត​ណាស់ ការ​ស្វែង​រក​របស់​បន្ថែម មិន​មែន​ដោយ​សារ​យើង​ត្រូវ​ការ​វា​នោះ​ឡើយ តែ​វា​ជា​របស់​ថ្មី​នោះ​មាន​ចំណុច​ទាក់​ទាញ​អ្វី​ម្យ៉ាង។ ឬ​ជួន​កាល យើង​ក៏​មាន​ការ​ចាប់​ចិត្ត​ចំពោះ​របស់​ចាស់​ៗ ឬ​អ្វី​ដែល​កម្រ​ផង​ដែរ។ ទោះ​មាន​អ្វី​ជាប់​នៅ​ក្នុង​ក្តី​ស្រមៃ​ក៏​ដោយ​ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ជឿ​ថា បើយើង​មាន​របស់ “មួយ​នេះ ឬ​មួយ​នោះ” ជីវិត​យើង​នឹង​ល្អ​ជាង​មុន យើង​នឹង​សប្បាយ​ចិត្ត និង​ស្កប់​ចិត្ត។​

ប៉ុន្តែ របស់​ទាំង​នោះ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ឡើយ។ ហេតុ​អ្វី? ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​ស្កប់​ចិត្ត តាម​រយៈ​ព្រះអង្គ គឺ​មិន​មែន​ដោយ​សារ​របស់​របរ នៅ​ក្នុង​លោកិយ ដូច​ដែល​មនុស្ស​ភាគ​ច្រើន​គិត​នោះ​ឡើយ។​

បញ្ហា​ដ៏​តាន​តឹង​នេះ មិន​មែន​ទើប​តែ​កើត​មាន​ក្នុង​សម័យ​យើង​ឡើយ។ ជាក់​ស្តែង​ បទ​គម្ពីរ​សុភាសិត បាន​ធ្វើ​ការ​ប្រៀប​ធៀប​ជីវិត​ពីរ​ប្រភេទ : គឺ​ជីវិត ដែល​ដេញ​តាម​ទ្រព្យ​សម្បត្តិ និង​ជីវិត​ដែល​ស្រឡាញ់​ព្រះ និង​ចែក​រំលែក ដោយ​ចិត្ត​សប្បុរស​។ តាម​បទ​គម្ពីរ សុភាសិត ១១:២៨ ជីវិត​បែប​សម្ភារៈ​និយម គឺ​ជា​ជីវិត​ដែល​មិន​ចេះ​ស្កប់​ស្កល់ ហើយ​នឹង​ត្រូវ​ដួល​ចុះ តែ​ជីវិត​ដែល​រស់​នៅ​តាម​ព្រះ​ទ័យ​ព្រះ នឹង​ចម្រើន​ឡើង ដូច​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។​

នេះ​ជា​ការ​ប្រៀប​ធៀប​ដ៏​មាន​ន័យ! តើ​យើង​ចង់​រស់​នៅ ក្នុង​ជីវិត​ដែល​ចម្រើន​ឡើង និង​មាន​ផល​ផ្លែ ឬ​ជីវិត​ដែលប្រហោង​ក្នុង និង​ក្រៀម​ក្រោះ​គ្មាន​ផល​ផ្លែ។​ លោកិយ​បង្រៀន​យើង​ថា ជីវិត​ដែល​រស់​នៅ​បាន​ល្អ គឺ​ជា​ជីវិត​ដែល​មានទ្រព្យ​សម្បត្តិ​ជា​បរិបូរ។ ផ្ទុយ​ទៅ​វិញ ព្រះ​ជា​ម្ចាស់​បាន​អញ្ជើញ​យើង ឲ្យ​ចាក់​ឫស​ក្នុង​ព្រះ​អង្គ ដើម្បី​ពិសោធន៍​នឹង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ ហើយ​ចម្រើន​ឡើង ដោយ​បង្កើត​ផល​ផ្លែ។ ហើយ​ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​កែ​ប្រែ​ចិត្ត និង​គំនិត​យើង ពី​ក្នុង​មក​ក្រៅ។​—ADAM HOLZ