ទីក្រុងឡុងដ៍ស្ថិតក្នុងចំណោមទីក្រុងដែលមានប្រជាជនចម្រុះជាតិសាសន៍ច្រើនជាងគេ នៅលើពិភពលោក អស់ជាច្រើនទសវត្សរ៍មកហើយ។ កាលពីឆ្នាំ១៩៣៣ លោកគ្លីន រ៉ូបឺត(Glyn Roberts) ដែលជាអ្នកការសែត បានសរសេរ អំពីទីក្រុងដ៏អស្ចារ្យនៃប្រទេសអង់គ្លេសថា “ខ្ញុំនៅតែគិតថា ភាពចម្រុះនៃមនុស្សគ្រប់ពណ៌សម្បុរ និងភាសារ គឺជាចំណុចល្អបំផុតនៃទីក្រុងឡុងដ៍”។ ភាពចម្រុះនោះ នៅតែបន្តមានក្នុងពេលសព្វថ្ងៃនេះ ដោយមានក្លិន សម្លេង និងរូបភាពចម្រុះគ្នា ក្នុងសហគមន៍នៃពិភពលោក។ សម្រស់នៃភាពចម្រុះនេះ គឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ របស់ទីក្រុងមួយ ដែលស្ថិតក្នុងចំណោមទីក្រុងដែលអស្ចារ្យបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងឡុងដ៍ នៅតែជួបបញ្ហា ដូចទីក្រុងដទៃទៀត ដែលមានមនុស្សរស់នៅច្រើន។ ការផ្លាស់ប្តូរបាននាំមកនូវបញ្ហាប្រឈម។ ជួនកាល វប្បធម៌ផ្សេងគ្នាមានការប៉ះទង្គិចគ្នា។ ហេតុនេះហើយ គ្មានទីក្រុងណាមួយដែលមនុស្សបានបង្កើត អាចប្រៀបធៀបនឹងភាពអស្ចារ្យនៃស្ថាន ដែលជាផ្ទះដ៏អស់កល្បរបស់យើងបានឡើយ។
ពេលដែលសាវ័កយ៉ូហានចូលទៅក្នុងព្រះវត្តមានព្រះ នៅនគរស្ថានសួគ៌ ភាពចម្រុះជាតិសាសន៍ ស្ថិតក្នុងចំណោមធាតុផ្សំជាច្រើន នៃការថ្វាយបង្គំព្រះនៅនគរស្ថានសួគ៌ បានជាអ្នកដែលបានទទួលសេចក្តីសង្រ្គោះ បានច្រៀងសរសើរថា “ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:៩-១០)។
សូមយើងស្រមៃអំពីនគរស្ថានសួគ៌ ដែលមានមនុស្សចម្រុះជាតិសាសន៍ អបអរភាពអស្ចារ្យនៃព្រះដ៏រស់ ទាំងអស់គ្នា! ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ចូរយើងអបអរភាពចម្រុះនេះ នៅថ្ងៃនេះ។—BILL CROWDER