មាន​ពេល​មួយ​លោក​អាល់វីន(Alvin) បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​មួយ ជា​មួយ​លោក​ធីម(Tim) ដែល​ជា​មិត្ត​រួម​ការងារ ហើយ​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ ដោយ​សារ​គាត់ និង​លោក​ធីម មាន​គំនិត​ខុស​គ្នា នៅ​ក្នុង​ការ​អនុវត្តន៍​គម្រោងនោះ។ ពួក​គេ​មាន​ការ​គោរព​ចំពោះ​ទស្សនៈ​ដែល​ពួក​គេ​មាន​ខុស​ពី​គ្នា ប៉ុន្តែ របៀប​ដែល​ពួក​គេ​ធ្វើ​ការ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ខ្លាំង បាន​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ហាក់​ដូច​ជា​មិន​អាច​ជៀស​រួច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មុន​ពេល​ដែល​ជម្លោះ​កើត​មាន អ្នក​ទាំង​ពីរ​ព្រម​ទៅ​ពិភាក្សាជា​មួយ​ចៅ​ហ្វាយ​របស់​ខ្លួន។ ហៅ​ហ្វាយ​របស់​ពួក​គេ​ក៏​បាន​ដាក់​អ្នក​ទំាង​ពីរ​ឲ្យ​នៅក្នុង​ក្រុម​ផ្សេង​គ្នា។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ។ ​នៅ​ថ្ងៃ​នោះ លោក​អាល់វីន​បាន​រៀន​នូវ​មេរៀន​មួយ​គឺ : ​ពួក​គេ​នៅតែ​អាច​ធ្វើ​ការ​រួម​គ្នា ទោះ​ពួក​គេ​នៅ​ក្រុម​ផ្សេង​គ្នា​ក៏​ដោយ​។​

លោក​អ័ប្រាហាំ​ប្រាកដ​ជា​បាន​យល់​សេចក្តី​ពិត​នេះ​ផង​ដែរ ពេល​ដែល​គាត់​ប្រាប់​លោក​ឡុត ឲ្យ​បែក​ផ្លូវ​គ្នា នៅ​តំបន់​បេតអែល​(លោកុប្បត្តិ ១៣:៥-៩)។ លោក​អ័ប្រាហាំ​បាន​សង្កេត​ឃើញ​ថា នៅ​ទីនោះ​គ្មាន​ស្មៅ​គ្រប់​គ្រាន់​សម្រាប់​ហ្វូង​សត្វរបស់​គាត់ និង​ហ្វូង​សត្វ​របស់​លោក​ឡុត​ឡើយ ដូច​នេះ គាត់​ក៏​បាន​ស្នើ​លោក​ឡុត​ឲ្យ​រស់​នៅ​កន្លែង​ផ្សេង​គ្នា ប៉ុន្តែ ជាដំបូង គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា ពួក​គេ​ជា “បង​ប្អូន​សាច់​ជិត”(ខ.៨) ដើម្បី​រំឭក​លោក​ឡុត អំពី​ទំនាក់​ទំនង​ដែល​គាត់មាន​ជា​មួយ​គ្នា។ បន្ទាប់​មក គាត់​មាន​ការ​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង ដោយ​អនុញ្ញាត​ឲ្យ​លោក​ឡុត​ដែល​ជា​ក្មួយ​ប្រុស ធ្វើ​ការ​ជ្រើស​រើស​ទី​កន្លែង​មុន​(ខ.៩) ​ទោះ​​គាត់​មាន​វ័យ​ចាស់​ជាង​ក៏​ដោយ។ គ្រូ​គង្វាល​ម្នាក់​បាន​ពិពណ៌នា​ថា នេះ​ជា​ការ “បែកផ្លូវ​គ្នា​យ៉ាង​សុខ​ដុម”។​

រឿង​នេះ​បាន​បង្រៀន​យើង​ថា យើង​នៅ​តែ​អាច​មាន​ការ​រីក​ចម្រើន​ ទោះ​យើង​បម្រើ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​ផ្សេង​គ្នា តាម​របៀប​ខុស​គ្នា​ក៏​ដោយ។ ការ​រួប​រួម​នៅ​តែ​អាច​មាន ទោះ​យើង​មាន​លក្ខណៈ​ផ្សេង​គ្នា។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើងមិន​ត្រូវ​ភ្លេច​ឡើយ​ថា យើង​នៅ​តែ​ជា​បង​ប្អូន ក្នុង​មហា​គ្រួសារ​នៃ​ព្រះ។ យើង​ប្រហែល​ជា​ធ្វើ​ការ​តាម​របៀប​ខុស​ពី​គ្នា តែយើង​នៅ​តែ​មាន​គោល​បំណង​រួម។​—LESLIE KOH