មានពេលមួយលោកអាល់វីន(Alvin) បានចូលរួមនៅក្នុងគម្រោងមួយ ជាមួយលោកធីម(Tim) ដែលជាមិត្តរួមការងារ ហើយក៏បានជួបបញ្ហាប្រឈមដ៏ធំមួយ ដោយសារគាត់ និងលោកធីម មានគំនិតខុសគ្នា នៅក្នុងការអនុវត្តន៍គម្រោងនោះ។ ពួកគេមានការគោរពចំពោះទស្សនៈដែលពួកគេមានខុសពីគ្នា ប៉ុន្តែ របៀបដែលពួកគេធ្វើការមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង បានជាការប៉ះទង្គិចគ្នាហាក់ដូចជាមិនអាចជៀសរួច។ ទោះជាយ៉ាងណាក៏ដោយ មុនពេលដែលជម្លោះកើតមាន អ្នកទាំងពីរព្រមទៅពិភាក្សាជាមួយចៅហ្វាយរបស់ខ្លួន។ ហៅហ្វាយរបស់ពួកគេក៏បានដាក់អ្នកទំាងពីរឲ្យនៅក្នុងក្រុមផ្សេងគ្នា។ នេះជាការសម្រេចចិត្តដ៏ឆ្លាតវ័យ។ នៅថ្ងៃនោះ លោកអាល់វីនបានរៀននូវមេរៀនមួយគឺ : ពួកគេនៅតែអាចធ្វើការរួមគ្នា ទោះពួកគេនៅក្រុមផ្សេងគ្នាក៏ដោយ។
លោកអ័ប្រាហាំប្រាកដជាបានយល់សេចក្តីពិតនេះផងដែរ ពេលដែលគាត់ប្រាប់លោកឡុត ឲ្យបែកផ្លូវគ្នា នៅតំបន់បេតអែល(លោកុប្បត្តិ ១៣:៥-៩)។ លោកអ័ប្រាហាំបានសង្កេតឃើញថា នៅទីនោះគ្មានស្មៅគ្រប់គ្រាន់សម្រាប់ហ្វូងសត្វរបស់គាត់ និងហ្វូងសត្វរបស់លោកឡុតឡើយ ដូចនេះ គាត់ក៏បានស្នើលោកឡុតឲ្យរស់នៅកន្លែងផ្សេងគ្នា ប៉ុន្តែ ជាដំបូង គាត់បាននិយាយសង្កត់ធ្ងន់ថា ពួកគេជា “បងប្អូនសាច់ជិត”(ខ.៨) ដើម្បីរំឭកលោកឡុត អំពីទំនាក់ទំនងដែលគាត់មានជាមួយគ្នា។ បន្ទាប់មក គាត់មានការបន្ទាបខ្លួនយ៉ាងខ្លាំង ដោយអនុញ្ញាតឲ្យលោកឡុតដែលជាក្មួយប្រុស ធ្វើការជ្រើសរើសទីកន្លែងមុន(ខ.៩) ទោះគាត់មានវ័យចាស់ជាងក៏ដោយ។ គ្រូគង្វាលម្នាក់បានពិពណ៌នាថា នេះជាការ “បែកផ្លូវគ្នាយ៉ាងសុខដុម”។
រឿងនេះបានបង្រៀនយើងថា យើងនៅតែអាចមានការរីកចម្រើន ទោះយើងបម្រើព្រះ នៅក្នុងព្រះវិហារផ្សេងគ្នា តាមរបៀបខុសគ្នាក៏ដោយ។ ការរួបរួមនៅតែអាចមាន ទោះយើងមានលក្ខណៈផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចឡើយថា យើងនៅតែជាបងប្អូន ក្នុងមហាគ្រួសារនៃព្រះ។ យើងប្រហែលជាធ្វើការតាមរបៀបខុសពីគ្នា តែយើងនៅតែមានគោលបំណងរួម។—LESLIE KOH