មានពេលមួយ លោកវាយលី អូវើស្ទ្រីត(Wylie Overstreet) ដែលជាអ្នកផលិតខ្សែភាពយន្ត បានផ្សាយផ្ទាល់នូវរូបភាពរបស់ស្ថានព្រះច័ន្ទ តាមរយៈកែវយឺតរបស់គាត់ ដែលមានកម្លាំងពង្រីកខ្លាំង ដល់ទស្សនិកជនដែលគាត់មិនដែលស្គាល់។ ពេលនោះ ពួកគេមានការភ្ញាក់ផ្អើលចំពោះរូបភាពស្ថានព្រះច័ន្ទដែលគាត់បានពង្រីកឲ្យធំ បានជាពួកគេមានការឆ្លើយតប ដោយបញ្ចេញសម្លេងខ្សិបខ្សៀវ និងបង្ហាញភាពស្ងប់ស្ងែង។ លោកអូវើស្ទ្រីតក៏បានពន្យល់ថា “ទស្សនីយភាពដ៏ស្រស់ស្អាតនេះ បានធ្វើឲ្យយើងមានពេញដោយភាពស្ងប់ស្ងែង ចំពោះអ្វីមួយ ដែលធំជាងខ្លួនយើង”។
ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏មានការស្ងប់ស្ងែង ចំពោះពន្លឺដែលព្រះជាម្ចាស់បានប្រទានមកពីលើផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ និងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។
ត្រង់ចំណុចនេះ ស្តេចដាវីឌបានទូលសួរព្រះជាម្ចាស់ ដោយការបន្ទាបខ្លួន ហើយយើងនឹងមានការស្ងប់ស្ងែងកាន់តែខ្លាំងជាងនេះទៀត ពេលដែលយើងដឹងថា បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីថ្មីហើយ យើងនឹងមិនត្រូវការព្រះច័ន្ទ ឬព្រះអាទិត្យទៀតឡើយ។ ផ្ទុយទៅវិញ សាវ័កយ៉ូហានបានមានប្រសាសន៍ថា សិរីល្អដ៏ចែងចំាងរបស់ព្រះជាម្ចាស់ នឹងផ្តល់ឲ្យនូវពន្លឺដែលគេត្រូវការ។ “ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ … ហើយនៅឯណោះគ្មានយប់ឡើយ”(វិវរណៈ ២១:២៣-២៥)។
ពេលដែលយើងគិតអំពីរឿងនេះ ចិត្តរបស់យើងអាចកើតមានភាពស្ងប់ស្ងែងកាន់តែខ្លាំង។ ប៉ុន្តែ យើងអាចពិសោធន៍នឹងពន្លឺរបស់ព្រះអង្គដែលមាននៅស្ថានសួគ៌ នៅពេលឥឡូវនេះបាន ដោយគ្រាន់តែស្វែងរកព្រះគ្រីស្ទ ដែលជាពន្លឺនៃលោកិយ។ យើងគួរតែងាកទៅរកព្រះអង្គឲ្យបានញឹកញាប់ ហើយសូមឲ្យយើងបានមើលឃើញព្រះអង្គ។—PATRICIA RAYBON